នៅទីបំផុតក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានចុះកិច្ចព្រមព្រៀងជាមួយអង្គការ NASA ដើម្បីផលិតឈុតអវកាសជំនាន់ថ្មី ដោយមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC បានឲ្យដឹងថា ឈុតអវកាសរបស់ក្រុមហ៊ុន SpaceX ដែលត្រូវផលិតឲ្យអវកាសយានិករបស់យានអវកាស Dragon Spacecraft គឺមានមុខងារពិសេសអាចការពារអវកាសយានិក ពីហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យ និងបញ្ហាសំពាធអាកាសផ្សេងៗបានល្អបំផុត។

កាលពីកន្លងទៅអង្គការ NASA ធ្លាប់បានបង្ហាញក្ដីបារម្ភចំពោះកិច្ចការផលិតឈុតអវកាសនេះ ដោយសារតែវាត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ទាំងអស់ សម្រាប់ អវកាសយានិក មិនថាបញ្ហាដែលកើតមានឡើងនៅក្នុងយាន និងនៅក្រៅយាននោះទេ ដូច្នេះហើយទើបវាត្រូវបានអង្គការ NASA ខំប្រឹងប្រែងស្វែងរកដៃគូផលិតដែលអាចធានាលើបញ្ហានេះបាន។

លោកស្រី Monica Witt អ្នកនាំពាក្យរបស់អង្គការ NASA បានប្រាប់សារព័ត៌មាន CNBC ថា ការផ្តល់កិច្ចព្រមព្រៀងទៅឲ្យក្រុមហ៊ុន SpaceX នេះគឺជាការឆ្លើយតបទៅនឹងសំណើរបស់អង្គការ NASA ដែលបានចេញកាលពីខែកក្កដា ក្នុងការស្វែងរកក្រុមហ៊ុនទាំងឡាយណា ដែលស្ថិតនៅក្នុងឧស្សាហកម្មអវកាសដើម្បីអាចផលិតឈុតអវកាសជំនាន់ថ្មី ប្រកបដោយប្រសិទ្ធភាពទាំងសេវាកម្មនិងគុណភាព។

តែទោះជាយ៉ាងណាក្រុមហ៊ុន SpaceX​ មិនទាន់បានឆ្លើយតបទៅនឹងសំណើរសុំការអត្ថាធិបប្បាយរបស់សារព័ត៌មាន CNBC នៅឡើយទេថា តើក្រុមហ៊ុននេះបានចាប់ផ្ដើមសាកល្បងលើយានអវកាសផ្ទាល់ខ្លួនហើយរឺនៅ? ខណៈដែលក្រុមហ៊ុនចំនួន ៥០ក្រុមហ៊ុន បានចាប់អារម្មណ៍កម្មវិធីទូទាតប្រាក់យ៉ាងសម្ងាត់ក្នុងការផលិតឈុតអវកាស និង សេវាកម្មដើរលើទីអវកាស របស់អង្គការ NASA៕

ប្រភព៖ CNBC

Share.