លោកតា ស៊ិន ស៊ីសាមុត​ គឺជា​តារា​ចម្រៀង​​មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​កាល​ពី​អំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ថ្វី​ត្បិត​តែ​លោក​បាន​ស្លា.ប់​បាត់​បង់​ជីវិត​ដោយ​សារ​តែក្រុម​ប៉ុល​ពត​ សម្លា.ប់​ក្ដី​ ប៉ុន្តែ​បទ​ចម្រៀង​ដ៏​ពីរោះ​រណ្ដំ​របស់​លោក​នៅ​តែ​បំពេរ​អារម្មណ៍​​អ្នក​ស្ដាប់​ឱ្យ​លន្លង់លន្លោច​ និង ​ស្រណោះ​ស្រណោក ស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ជាតិ​រូប​នេះ​ជា​ពន់​ពេក​ណាស់​។

តើ​មាន​មនុស្ស​ ​ប៉ុន្មាន​នាក់​ដឹង​ថា​ថ្ងៃ​ទី​២៣ ខែ​សីហា​ នេះ​គឺជា​ថ្ងៃ​កំណើត​របស់​​អធិរាជ​សំឡេង​មាស​ ស៊ិន ស៊ីសាមុត​?

យោង​តាម​ការ​ប្រកាសរបស់​ Admin Page ដែល​មាន​ឈ្មោះ​ថា​ ស៊ីន ស៊ីសាមុត – Sin Shisamuth បាន​ធ្វើ​ការ​បង្ហោះ​សំណេរ​ឱ្យ​ដឹង​ថា​ថ្ងៃ​នេះ​គឺជាថ្ងៃ​ខួប​កំណើត​ទី​៨៨ របស់​អធិរាជ​សំឡេង​មាស ប្រសិន​បើ​លោក​នៅ​មាន​ជីវិត​មក​ដល់​​ឆ្នាំ​​២០២១​ នេះ​ លោក​តា​​មាន​អាយុ​គ្រប់​ ​៨៨​ឆ្នាំ​ហើយ​ ព្រោះ​​លោក​កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​១៩៣៣។

ប៉ុន្តែ​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ និង​ ទទួល​បាន​ការ​ស្រលាញ​់​គាំទ្រ​ជា​អមតៈ​រូប​នេះ​ ​បាន​ទទួល​មរណភាព​ ក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦ ក្នុង​​អាយុ​ត្រឹម​តែ​៤៣ ឆ្នាំ​​ប៉ុណ្ណោះ​។

គួរ​ដឹង​ថា​លោក​ ស៊ិន ស៊ីសាមុត មាន​ស្រុក​កំណើត​នៅ​ខេត្ត ស្ទឹងត្រែង លោក​​រៀប​ការ​ចំនួន​២​ដង​ ដោយលោកមាន បុត្រាបុត្រី​​៤​នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ក្នុង​នោះ​ដែរ​កូន​ប្រុស​លោក​តា គឺលោក​ ស៊ីន ចាន់ឆាយា ក៏​ជា​តារា​ចម្រៀង​ដូច​ជា​ឪពុក​ដែរ ប៉ុន្តែ​ជា​អកុសល​លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១៥ ដោយ​​រអិល​ជើង​​ដួល៕

Telegram-Troryorng

Share.