តុលាកាបានសម្រេចឃុំខ្លួនជនល្មើសជាមេខ្យល់ចំនួន ៣នាក់ ក្រោយប៉ុនប៉ងឆ្លងដែនចូលក្នុងទឹកដីថៃខុសច្បាប់។

លោកវរសេនីយ៍ឯក ប៊ន់ វណ្ណារ៉ា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ម្សិលមិញនេះថា ជនល្មើសបុរសចំនួន ៣នាក់ដែលជាមេខ្យល់បាននាំពលករខ្មែរជាច្រើននាក់ប្រុងឆ្លងដែនចូលក្នុងទឹកដីថៃ ហើយត្រូវកម្លាំងការពារតំបន់ព្រំដែនចម្រុះឃាត់ខ្លួនបានកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ មកទល់ពេលនេះ ត្រូវតុលាកាសម្រេចឃុំខ្លួនហើយនៅក្នុងពន្ធនាគាខេត្តបាត់ដំបង។

ក្រុមជនល្មើសខាងលើ ទី១ឈ្មោះជ្រី សុហេង ភេទប្រុស អាយុ ២១ឆ្នាំ ទី២ឈ្មោះជ្រី សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ ទាំង ២នាក់ រស់នៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ចំណែកម្នាក់ទៀតមានឈ្មោះផាន់ នីឌី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិនិមិត្ត ឃុំស្រកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រុមមេខ្យល់ទាំង ៣នាក់ត្រូវនេះត្រូវបានកម្លាំងផ្នែកជំនាញ ជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលតាសែន ចុះឃាត់ខ្លួនបាន រួមជាមួយពលករខ្មែរ ៣៨នាក់ផ្សេងទៀតបាននាំគ្នាធ្វើដំណើរដោយថ្មើរជើងកាត់ព្រៃឬស្សី ឆ្ពោះទៅកាន់ប្រទេសថៃ ត្រង់ចំណុចស្ពានអូតចម្លង ស្ថិតក្នុង ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង៕

អត្ថបទ : ដំបងក្រញូង

Share.