នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១នេះ កងទ័ពវៀតណាមជាច្រើន ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុង ហូជីម៉ិញ ដើម្បីគ្រប់គ្រងស្ថានភាព អំឡុងពេលបិទខ្ទប់របស់ទីក្រុង ដែលមានប្រជាជនរស់នៅច្រើននេះ។

ថ្ងៃនេះអាជ្ញាធរប្រទេសវៀតណាម បានតម្រូវឲ្យប្រជាជនដែលរស់នៅក្នុងទីក្រុងហូជីម៉ិញ ស្ថិតនៅក្នុងផ្ទះ ដោយមិនអនុញ្ញាតឲ្យចេញទៅណាមកណាដូចមុនទេ លើកលែងតែករណីចាំបាច់ ខណៈដែលប្រទេសនេះទប់ទល់នឹងករណីឆ្លងមេរោគកូវីដ១៩ លែងជាប់។

សារព័ត៌មានអន្តរជាតិ Arab News បានចុះផ្សាយនៅថ្ងៃច័ន្ទនេះថា កាលពីចុងសប្តាហ៍មុននេះ ប្រជាជនបាននាំគ្នាសម្រុកទៅទិញទំនិញពីផ្សារទំនើបនានា មុនពេលវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបន្ថែម ត្រូវបានដាក់ចេញ។

បើតាមរូបភាពដែលត្រូវបានចែកចាយលើបណ្តាញសង្គម និងសារព័ត៌មានវៀតណាមនានាបានបង្ហាញថា  កងទ័ពចល័តនៅតាមដងផ្លូវក្នុងទីក្រុងហូជីមិញ និងឈរជើងនៅតាមទីតាំងសំខាន់ៗ ខណៈដែលកងទ័ពចល័តជាង ៣០០នាក់ទៀតត្រូវបានបញ្ចូនទៅកាន់តំបន់ព្រំដែននៃប្រទេស។ កងកម្លាំងយោធាក៏បានចុះត្រួតពិនិត្យអំពីសុវត្ថិភាព និងការវេចខ្ចប់ចំណីអាហារនៅទីតាំងលក់ចំណីអាហារតាមដងផ្លូវ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរផងដែរ។​

ការរឹតបន្តឹងវិធានបិទប្រទេស ដោយមានយោធាចូលរួមខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអត្រាឆ្លង និង ស្លាប់ដោយសារមេរោគកូវីដ១៩ នៅវៀតណាមគ្មានសញ្ញាថមថយ។ គិតត្រឹមថ្ងៃ ច័ន្ទ ទី ២៣ ខែសីហា ឆ្នាំ ២០២១នេះ វៀតណាមមានករណីឆ្លងមេរោគកូវីដសរុបចំនួន ៣៤ម៉ឺន ៨ពាន់ នាក់ជាង និងអ្នកបាត់ជីវិតសរុបចំនួន ៨ពាន់២រយ៧៧នាក់៕

ប្រភព៖ Arab News

Share.