ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Range rover បើកបុកថ្មពុះចែកទ្រូងផ្លូវរួញមួយកំណាត់មុខ តែសំណាងមិនបង្កឱ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២១។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Range rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-1117 បើកដោយបុរសម្នាក់ជាជនជាតិចិនក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតមួយកំណាត់មុខ ។ បន្ទាប់ពីកើតហេតុអ្នកបើកបរបានបើកទ្វារថយន្តចុះគេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្តតែរថយន្តនៅហ្នឹងកន្លែង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

Share.