ពេល​ខ្លះ​វា​​ជា​រឿង​សាមញ្ញ​ ដែលរូបថត​​តារា​ចម្រៀង​ K-POP ទាក់ទាញ​បាន​នូវ​ប្រជា​ប្រិយភាព​ និង​ភាព​ល្បីល្បាញ​ មុន​ដែល​រូប​គេបាន​ចេញ​អាល់ប៊ុម​ចម្រៀង​នៅ​លើ​ទីផ្សារ​​ទៅទៀត​។

ក្មេង​ហ្វឹកហាត់​ត្រៀម​ធ្វើ​ជា​តារា​មួយ​ចំនួន​នៅ​ក្នុង​សិល្បៈ​តន្ត្រី​​ K-POP ​បាន​ធ្វើ​ឱ្យ​សាធារណជន​ រំភើប​ញាប់ញ័រ​និង​លង់​ស្នេហ៍​ព្រោះ​តែ​មុខ​មាត់​ និង​រូបរាង​ដ៏​សង្ហា​របស់​ពួក​គេ មុន​នឹង​បាន​ឃើញ​ពី​សមត្ថភាព​របស់​ពួក​​គេ​ថែម​ទៀត​។

ថ្មីៗ​នេះ​ ​ក្មេង​ហ្វឹកហាត់​កូន​កាត់​អាមេរិក​ជប៉ុន​ ដែល​កំពុង​តែ​ហ្វឹកហាត់​ត្រៀម​ខ្លួន​ធ្វើ​ជា​តារា​នៅ​ក្នុង​ផលិតកម្ម​ BIG Hit Music បាន​ទាក់​ភ្នែក​សាធារណជន​ នៅ​ពេល​ដែល​រូប​ថត​និង​ឃ្លីបវីដេអូ​របស់​គេ​ត្រូវ​បាន​បង្ហោះ​និង​ចែក​រំលែក​នៅ​តាម​បណ្ដាញសង្គម​។ វីដេអូ​មួយ​របស់​រូប​គេ​ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​ Big Hit នៅ​លើ​ TikTok មនុស្ស​ជា​ច្រើន​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍ទៅ​លើ​យុវជន​វ័យ​​ក្មេង​រូប​នេះ​គ្រប់​គ្នា​។

យោងតាម​អ្នក​ស៊ើប​អង្កេត​អនឡាញ បាន​ឱ្យ​ដឹង​ថា​យុវជន​កំពុង​ហ្វឹកហាត់​ក្នុង​ផលិតកម្ម​ចម្រៀង​ដ៏​ធំ​នេះ​មាន​​ឈ្មោះ​ហៅ​ថា​ JJ (Jayjay) កើត​នៅ​ឆ្នាំ​២០០៦​ ជា​កូន​កាត់​អាមេរិក​ជប៉ុន៕

Telegram-Troryorng
Share.