មណ្ឌលគិរី ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទ MK-82 ត្រូវបានកម្លាំងកងវិស្វកម្ម អគ្គបញ្ជាការកងទ័ពជើងគោក រាវរកឃើញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ។

បើតាមកងកម្លាំងបានឲ្យដឹងថា ក្រោមបទបញ្ជាពីក្រសួងការពារជាតិ កម្លាំងកងវិស្វកម្មអគ្គបញ្ជាការកងទ័ពជើងគោក ធ្វើការរាវបោសសម្អាត គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីស្ថាបនាផ្លូវតាមក្រវ៉ាត់ព្រំដែន តាមផែនការរបស់រាជរដ្ឋាភិបាល ស្រាប់តែនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងបន្សាបគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាវប៉ះគ្រាប់ ប្រភេទទម្លាក់ពីយន្តហោះ MK-82 ចំនួន ១គ្រាប់ និងគ្រាប់ផ្លោង ១៥៥ មីលីម៉ែត​១គ្រាប់ ឈ្មោះ M43 ដែលបានរាវរកឃើញនៅចំណុច ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ក្រោយពេលបន្សាបគ្រាប់រួចរាល់ជាស្ថាពរហើយ បញ្ជាការដ្ឋានវិស្វកម្ម នឹងយកគ្រាប់ទាំងអស់នេះ កសាងទៅជាសម្ភារៈឧបទ្ទេសសម្រាប់សិក្សា និងបម្រើឱ្យការងារហ្វឹកហ្វឺនជំនាញវិស្វកម្មដល់សិក្ខាកាម តាមជំនាន់នីមួយៗ ជាបន្តបន្ទាប់នៅសាលាវិស្វកម្មតេជោ ៕

Share.