ភ្នំពេញ៖ បុរសម្នាក់បើករ៉ឺម៉កដឹកត្រីវ៉ាក់អើជាមួយនឹងរថយន្តតាកូម៉ាចាប់ហ្វ្រាំងឈប់ត្រូវបានរថយន្ត ម៉ាសស្ដាបើកមកពីជ្រុលក្រោយមកបុក រួចក៏មានរថយន្ត ២ គ្រឿងទៀតបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតរថយន្ត ៣ គ្រឿង តែមិនមានអ្នករងរបួសនោះទេ ហេតុការណ៍នេះកើតឡើង នៅផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១១និង ១៥ នាទីព្រឹកថ្ងៃទី ២៤ខែសីហា ឆ្នាំ២០២១។

បើតាមសម្ដីបុរសជាអ្នកបើកបររ៉ឺម៉កដឹកត្រី បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករ៉ឺម៉កដឹកត្រីចេញពីកន្លែងលក់ត្រឡប់ទៅផ្ទះ លុះដល់ចំណុចកើតហេតុក៏មានរថយន្តតាកូម៉ាបើកនៅពីមុខពេលនោះស្រាប់តែរថយន្តតាកុមារបាចាប់ហ្វ្រាំងឈប់ ស្របពេលនោះក៏មានរថយន្តម៉ាក ម៉ាសស្ដាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Al-1223 បើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលមកបុករ៉ឺម៉កចំកង់ខាងក្រោយ ពេលនោះក៏មានរថយន្តម៉ាកកូរ៉េដឹកទំនិញបើកមកពីក្រោយក៏ជ្រុលមកបុកគូទម៉ាសស្ដាបណ្ដាលឲ្យរងការខូចខាត  ហើយក៏មានរថយន្តម៉ាកវីស្តូបានបើកមកក្រោយក្នុងល្បឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្តកូរ៉េដឹកទំនិញបណ្ដាលឲ្យរថយន្តវីស្តូរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំង៤ បានធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុដោយរថយន្តម៉ាស់ស្ដាចេញថ្លៃសងការខូចខាតនៃរ៉ឺម៉កដឹកត្រីចំណែករថយន្តកូរ៉េដឹកទំនិញចេញថ្លៃសងការខូចខាតរថយន្តម៉ាសស្ដា និងរថយន្តវីស្តូក៏ព្រមចេញថ្លៃខូចខាតទៅរថយន្តកូរ៉េដឹកទំនិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Share.