ភ្នំពេញ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់មួយរំពេចនៅក្រោមកង់រថយន្តខណៈដែលកំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តកុងតឺន័របើកបុកហើយកិន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅត្រង់ចំណុចមុខហាងនំប៉័ងស្ទឹងមានជ័យ  ស្ថិតនៅតាមផ្លូវ ២១៧  ភូមិព្រែកជ្រៃ  សង្កាត់ស្ពានថ្ម  ខណ្ឌដង្កោ កាលពីវេលាម៉ោង ៦និង ១៥នាទីល្ងាចថ្ងៃទី ២៤ខែសីហាឆ្នាំ ២០២១។សពជនរងគ្រោះមានឈ្មោះ ហន ណារ៉ា  អាយុ ៣៦  ឆ្នាំ មានស្រុកកំណើតនៅភូមិទួលកំពតទី១  ឃុំបឹងព្រួល  ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GG-5381  ធ្វើដំណើរតាមផ្លូវ ២១៧  ក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងកិន័រមួយគ្រឿងដែលពាក់ស្លាកលេខ ស្វាយរៀង 3A-1480 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនក៏ជ្រុលមកបុកម៉ូតូពីក្រោយនិងកិនជនរងគ្រោះបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបររថយន្តក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រម៉ោលបន្សល់តែរថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចក៏បានធ្វើលិខិតរួចរងចាំប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.