សិល្បៈជាតិ៖ ឈាន​ចូល​ដើម​ឆ្នាំ​២០២៤ ពោល​គឺ​កាល​ពី​អំឡុងខែ​កុម្ភៈ មាន​លេច​ចេញ​នូវ​ដំណឹង​អកុសល​ថា​ លោក​ ណូយ វ៉ាន់ណេត ដែល​ជា​កំពូល​តារា​ចម្រៀង​ជើង​ចាស់​បាន​ទទួល​មរណភាព​ ដោយ​រឿង​នេះចេញ​ដំបូង​ព្រោះ​គណនី​តិកតុកមួយ​ឈ្មោះ​ Bong Nha និងទំព័រហ្វេសប៊ុក​មួយ​ឈ្មោះ​ Peter S Meng បាន​បង្ហោះ​រូបភាព​តារា​រូប​នេះ​ព្រម​ទាំង​សរសេរ​អក្សរលើ​រូប​នោះ​ថា​ R.I.P ដែលចង់​សំដៅ​ដល់​ការ​ស្លាប់​ ដោយ​អក្សរនេះ​មាន​​ន័យ​ថា​សូម​ទៅ​កាន់​សុគតិភព​។

ក្រោយ​ពី​ផ្ទុះ​ការ​ចែក​រំលែក​និង​មាន​ការ​បង្ហោះ​សារ​រំលែកទុក្ខចំពោះ​វីរៈសិល្បករ​ជើង​ចាស់​រូប​នេះ​ ក៏​មានទាំង​​អ្នកជឿ និង​​មិន​ជឿ​ ព្រម​ស្វែងរក​ការ​ពិត​ថា​តើ​នោះ​គឺជា​រឿង​ពិត​ឬ​មិន​ពិត​។ យ៉ាងណា​មិញ​ ក្រោយ​ផ្ទុះ​រឿង​ប្រមាថ​ដល់អាយុជីវិត​ខ្លួនទាំង​បំពាន​ការ​ពិត​​ដូច្នេះ​ លោក​ណូយ វ៉ាន់ណេត បាន​ចេញ​មក​ Live បកស្រាយ ព្រម​ទាំង​ព្រមានថា​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ បើ​សិន​មិន​លុប​ចោល​ការ​បង្ហោះ​គ្មាន​មូលដ្ឋាន និង​សុំ​ទោស​ជា​សាធារណៈទេនោះ​។

ថ្លែង​ពី​ករណី​នេះ​ប្រាប់​អ្នក​សារព័ត៌មាន​ត្រយង តារា​ចម្រៀង​ជើង​ចាស់​នៅ​ក្នុង​ពិភពសិល្បៈ​ចម្រៀង​រូប​នេះ​ បាន​អះអា​ងថា​សុខ​ភាព​ល្អ​នៅ​តែ​មាំទាំ​ល្អ មិន​មាន​ជំងឺ​អ្វីឡើយ ដោយ​លោក​បាន​រំលឹក​ដល់​រឿង​អ្នក​ប្រមាថ​អាយុជីវិត​លោក​ ព្រម​ទាំង​ផ្ដាំ​ថា​លោក​នឹង​​ប្រើ​ធម៌ក្ដៅ​ ប្រសិន​បើ​ជន​ទាំង​នោះ​នៅ​តែ​បន្ត​យក​អាយុ​ជីវិត​លោក​មក​​ប្រមាថ​បែប​នេះ​ទៀត។

លោក ណូយ វ៉ាន់ណេត គឺជាវីរៈសិល្បករ​ចម្រៀង​ជើងចាស់ ដែល​មាន​បទ​ពិសោធខ្ពស់ និង​ ឈ្មោះ​ល្បីល្បាញ​ព្រោះ​តែ​ទឹកដមសំឡេង​ពីរោះ ជា​ពិសេស​បទ​ចម្រៀង​របស់​លោក​ភាគច្រើ​នជា​បទ​ចម្រៀង​មនោសញ្ចេតនា​ ដែល​ឆាបឆក់​ដួងចិត្ត​អ្នក​ស្ដាប់​ឱ្យ​លន្លង់លន្លោច​ទៅតាម​បទចម្រៀង៕

Share.