ការិយាល័យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចល័ត ដែល​ច្នៃ​ឡើង​ដោយ​បំពាក់​សម្ភារៈ​បរិក្ខារ​បច្ចេកទេស​លើ​រថយន្ត​ក្រុង​តែ​មួយ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០២៤ នេះ ចេញ​ប្រតិបត្តិការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​បាន​ពីរ​គោលដៅ​ហើយ ជា​លទ្ធផល គឺ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​។ គោល​ដៅ​ដំបូង​ទាំង​ពីរ​នោះ​រួម​មាន វិទ្យាល័យ​ព្រះរាជ​សម្ភារៈ និង​វិទ្យាល័យ​វឌ្ឍនវិទ្យា នៅ​ក្នុង​ក្រុង​កំពត ចំណែក​ចំនួន​អ្នក​ដែល​បាន​ធ្វើ លោក​មិន​ទាន់​អាច​បញ្ជាក់​ភ្លាមៗ​បាន​ទេ​។ ជា​មួយ​គ្នា​នឹង​ការ​សាទរ និង​កោត​សរសើរ ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផ្សេងៗ ក្រៅ​ពី​ក្រុង​កំពត នៃ​ខេត្ត​កំពត​ក៏​បាន​ស្នើ​សុំ​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ដល់​មូលដ្ឋាន​របស់​ពួក​គាត់​ផង​ដែរ​។

ស្នងការ​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ពន្យល់​ថា ការងារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចល័ត​នេះ ជា​ដំណាក់កាល​ដំបូង ដែល​មាន​គោលដៅ​នៅ​តាម​វិទ្យាល័យ​ក្នុង​ក្រុង​កំពត​សិន បន្ទាប់​មក​ការិយាល័យ​នេះ​នឹង​ចល័ត​ទៅ​គ្រប់​វិទ្យាល័យ​នៅ​ទូទាំង​ខេត្ត​កំពត ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​សិស្សានុសិស្ស​ដែល​គ្រប់​អាយុ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ក្នុង​គោល​បំណង​រួម​នោះ គឺ​ផ្ដល់​សេវា​ដ៏​មាន​សារសំខាន់​មួយ​នេះ​ឲ្យ​ទៅ​ដល់​កៀក​ស្និទ្ធ​នឹង​ពួកគាត់ មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ ចំណាយ​ពេល​យូរ និង​ខាត​ពេល​វេលា​ក្នុង​ការសិក្សា​។

លោក​ស្នងការ​បញ្ជាក់​បន្ថែម​ថា ការិយាល័យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចល័ត មិនមែន​មាន​នាទី​ត្រឹម​តែ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​សិស្សានុសិស្ស​នោះ​ទេ ជា​មួយ​គ្នា​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ក៏​អាច​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ចំពោះ​អ្នក​ដែល​មិន​ទាន់​មាន ស្នើ​សុំ​ថ្មី​នូវ​អត្តសញ្ញាណប័ណ្ណ​ដែល​បាន​បាត់ ឬ​ខូច និង​បន្ត​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ជា​ដើម​។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការិយាល័យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចល័ត ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​ប្រើ​រថយន្តក្រុង បំពាក់​សម្ភារៈ​បរិក្ខារ​បច្ចេកទេស ដែល​បម្រើ​ដល់​ការងារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មួយ​ឈុត​តែ​ម្ដង និង​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​នោះ​ផង​ដែរ​។ លោក​បន្ថែម​ថា រថយន្ត​ក្រុង​នេះ គឺ​ជា​ជំនួយ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ផ្ដល់​ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពត តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​រថយន្ត​ពីរ​គ្រឿង​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំពត​ប្រគល់​ឲ្យ​ស្នងការដ្ឋាន ដោយ​រថយន្ត​មួយ​គ្រឿង​បាន​កែច្នៃ​បំពាក់​សម្ភារៈ​រួចរាល់ ចំណែក​មួយ​គ្រឿង​ទៀត​មិនទាន់​កែច្នៃ​នៅ​ឡើយ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.