នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សំខាន់ នៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការផ្ដល់សេវាសាធារណៈឲ្យបានលឿន រហ័ស ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០ គឺការធានាឲ្យបាននូវរដ្ឋបាលសាធារណៈ ស្អាត ឆ្លាតវៃ ខ្លាំង និងផ្ដោតលើប្រជាជនជាស្នូល សំដៅគាំទ្រការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌។ នៅក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានខិតខំកែសម្រួលសេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ប៉ុន្ដែត្រយងផ្ដោតលើនាយកដ្ឋាន៣សំខាន់ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋានលិខិតឆ្លងដែន។ តើនាយកដ្ឋានទាំង៣នេះ ទទួលបានលទ្ធផលនៃការកែទម្រង់កម្រិតណា ហើយប្រជាពលរដ្ឋយល់យ៉ាងណាអំពីការផ្ដល់សេវាសាធារណៈនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ?

ចង់ដឹងច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ ៖

នាយកដ្ឋានអត្រានុកូលដ្ឋានមានតួនាទីធ្វើជាសេនាធិការ លើការងារអត្រានុកូលដ្ឋាន ដោយសិក្សារៀបចំគោលការណ៍ គោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាព ក្នុងការចុះបញ្ជី និងផ្តល់សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព ជាដើម។

និយាយពីអត្រានុកូលដ្ឋាន គឺជាចំណងរួមភ្ជាប់សញ្ញាតិទៅនិងរដ្ឋ និងស្ថានភាពជាក់ស្ដែងដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួនក្នុងសង្គមជាតិនិងដែលបង្កើតឲ្យជននោះមានសិទ្ធិនិងករណីកិច្ច។ សំបុត្រអត្រានុកូលដ្ឋានគឺជាសំបុត្រសម្រាប់កត់ត្រាភាពស៊ីវិលនៃពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់ក្នុងដែនសមត្ថកិច្ចកំណត់នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

យុវជន កៅ កែវពន្លឺ ជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ ដែលបានមកទទួលសេវាកម្មកែតម្រូវឈ្មោះជាអក្សរឡាតាំង នៅនាយកដ្ឋានអត្រានុកូលដ្ឋាន បាននិយាយថា ការមកទទួលសេវានៅទីនេះមានភាពរហ័សរហួនជាងមុន ដោយចំណាយពេលមិនដល់៤០នាទី គឺរួចរាល់។

សម្រង់សម្ដី៖ «ចាប់លេខស្មើរគ្នា អត់មានអ្នកអាទិភាព អត់មានអ្នករង់ចាំយូរទេ» ។

យុវជន កែវពន្លឺ បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយការមកធ្វើការកែតម្រូវឈ្មោះនៅនាយកដ្ឋានអត្រានុកូលដ្ឋាន គឺមុនមកទទួលសេវាបានពិនិត្យនិងស្វែងរកព័ត៌មានតាម   រយៈផេកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ការណ៍នេះសំខាន់ណាស់ដើម្បីដឹងថាតើយើងត្រូវត្រៀមឯកសារអ្វីខ្លះមុនមកធ្វើការកែតម្រូវ។ នៅមុនមកទីនេះ ពន្លឺបានរៀបចំឯកសារយោងមួយចំនួន គឺការបញ្ជាក់នីត្យានុកូលភាពពីមូលដ្ឋាន ឃុំ សង្កាត់ ដូចជាសៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធមួយចំនួន ទៀត

សម្រង់សម្ដី៖ «មុនមក  ស្វែងរកព័ត៌មានតាមរយៈពេល FB (បណ្ដាញសង្គមទូលំទូលាយ) ជាពិសេសអត្រានុកូលដ្ឋាន នីត្យានុកូលភាព សាកសួរព័ត៌មានពីអាជ្ញាធរឃុំ សង្កាត់ ភ្ជាប់ឯកសារកាន់តែច្រើនកាន់តែល្អ»

មកពីខេត្តបន្ទាយមានជ័យ អ្នកស្រីមុយ សុខឡែន ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយនៅខេត្ត បានមកដាក់ពាក្យស្នើសុំកែតម្រូវលិខិតអត្រានុកូលដ្ឋាន គឺកែឈ្មោះស្វាមីខុសអក្ខរាវិរុទ្ធ បានបញ្ចេញមតិរបស់ខ្លួនដែរថា ត្បិតតែនៅទីនេះកន្លែងចង្អៀតបន្ដិច ប៉ុន្ដែការរៀបចំផ្ដល់ព័ត៌មាន និងការផ្ដល់សេវាលឿនរហ័ស ទាន់ពេលវេលា ហើយអត់អស់កម្រៃអ្វីនោះទេ។

សម្រង់សម្ដី៖ «ខ្ញុំមកទីនេះម៉ោង៨ ហើយចំណាយពេលប្រហែល២ម៉ោង ដោយសារថ្ងៃនេះមានប្រជាពលរដ្ឋមកច្រើនមកទទួលសេវានៅទីនេះ»

ប្រជាពលរដ្ឋបានទៅរកសេវាកែតម្រូវនិងមោឃភាពអត្រានុកូលដ្ឋានចន្លោះពី ១០០ទៅ៣០០នាក់រៀងរាល់ថ្ងៃធ្វើការពីថ្ងៃចន្ទដល់សុក្រ។ អ្នកមកទទួលសេវាច្រើន មន្រ្តីតិច កន្លែងចង្អៀត ចង់មិនចង់ការផ្ដល់សេវាអាចមានការយឺតយ៉ាវដោយអន្លើ ប៉ុន្ដែបានព្យាយាមយកចិត្តទុកដាក់ខ្លាំងដើម្បីសម្របសម្រួលនីតិវិធីបែបណាដើម្បីផ្ដល់សេវាឲ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់លោក ខុម កក្កដា មន្រ្តីនៅក្រុមទទួលពាក្យកែតម្រូវនិងមោឃភាព នៅនាយកដ្ឋានអត្រានុកូលដ្ឋាន។   ដើម្បីជៀសវាងនៅកំហុសឆ្គងឬយឺតយ៉ាវប្រជាពលរដ្ឋមកទទួលសេវានៅទីនេះគប្បីស្វែងរកព័ត៌មានឲ្យបានគ្រប់គ្រាន់ពីមូលដ្ឋាន ជាពិសេសត្រៀមឯកសារសំខាន់ៗដូចជា សំបុត្របុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ ដើម្បីមកបំពេញការកែតម្រូវមានគ្រប់គ្រាន់មិនត្រឡប់រត់ទៅរកឯកសារនាំខាតពេលវេលាជាដើម។

ការមកទទួលសេវានៅទីនេះដំបូងប្រជាពលរដ្ឋគេតម្រូវឲ្យយកលេខរៀងនិងការចែកកាតពាក់ ដែលមានកាតរហូតដល់៥ រួមមាន ១.ភ្ញៀវទូទៅ ២.សាកសួរព័ត៌មានកែតម្រូវនិងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ៣. បំពេញពាក្យស្នើសុំសេវាអត្រានុកូលដ្ឋាន ៤. សាកសួរព័ត៌មានសេចក្ដីចម្លង និងផ្ទៀតផ្ទាត់បញ្ជីអត្រានុកូលដ្ឋាន និង៥. ដកសំណុំឯកសារអត្រានុកូលដ្ឋាន។

សម្រង់សម្ដី៖  «ដំណាក់កាលដំបូងគេចាប់លេខរៀង ដំណាក់កាលរង់ចាំជួបមន្រ្តីជំនាញ ដំណាក់កាលពិនិត្យឯកសារដោយមន្រ្តីជំនាញ និងដំណាក់កាលរង់ចាំយកបង្កាន់ដៃ»

នាយកដ្ឋានអត្រានុកូលដ្ឋាន ដើរតួនាទីសំខាន់នៅក្នុងការជួយសម្រួលប្រជាពលរដ្ឋមកកែតម្រូវអត្រានុកូលដ្ឋាន និងមោឃភាពអត្រានុកូលដ្ឋាន, ការស្នើសុំចម្លងអត្រានុកូលដ្ឋានដែលរស់នៅខេត្តហើយមកប្រកបរបរនៅភ្នំពេញ អាចមកសុំចម្លងនៅនាយកដ្ឋានដ្ឋានអត្រានុកូលដ្ឋាននៅភ្នំពេញ ដោយមិនចាំបាច់ចំណាយពេលវេលាត្រឡប់ទៅមូលដ្ឋានរបស់ខ្លួននៅឯខេត្តឆ្ងាយឡើយ។ និយាយបែបនេះមិនមែនមានន័យថាប្រជាពលរដ្ឋតម្រូវតែមករកសេវានៅនាយកដ្ឋានអត្រានុកូលដ្ឋាននោះទេ គឺប្រជាពលរដ្ឋអាចធ្វើការកែតម្រូវនៅឃុំ សង្កាត់ ស្រុក ខណ្ឌ គ្រាន់តែនាយកដ្ឋានជាកន្លែងជួយសម្រួលសេវាបន្ថែមលើការផ្ដល់សេវានៅមូលដ្ឋាន។ នាយកដ្ឋានអត្រានុកូលដ្ឋានគឺជាកន្លែងរក្សាគល់បញ្ជីក្រោយពីបងប្អូនប្រជាពលរដ្ឋបានធ្វើនៅឃុំសង្កាត់ ហើយបញ្ជូនទៅស្រុក និងឯកសារចម្លងបញ្ជូនមករក្សាទុកនៅនាយកដ្ឋានអត្រានុកូលដ្ឋាន។

អត្រានុកូលដ្ឋានគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដោយមនុស្សគ្រប់គ្នាកើតមកត្រូវមានសំបុត្រកំណើត ហើយនៅពេលគ្រប់អាយុឈានទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ធ្វើលិខិតឆ្លងដែន សម្រាប់ស្នើសុំធ្វើលិខិតថ្កោលទោស សម្រាប់ពេលសវនាការឬពេលដោះស្រាយវិវាទ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗទៀត និងសម្រាប់សុំចូលបម្រើការងារផ្សេងៗទៀតដើម្បីបញ្ជាក់ថាបុគ្គលម្នាក់មានអាយុអាចបំពេញការងារបាន។ ទន្ទឹមនឹងនេះ អត្រានុកូលដ្ឋានក៏មានសារសំខាន់សម្រាប់ចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានសិក្សានានារបស់ស្ថាប័នរដ្ឋ និងឯកជន (គ្រប់អាយុចូលរៀន) សម្រាប់បញ្ជាក់ពីស្ថានភាព ឋានៈ និងសិទ្ធិនៅក្នុងរង្វង់គ្រួសារ សម្រាប់ស្នើសុំធ្វើសៀវភៅស្នាក់នៅ និងធ្វើសៀវភៅគ្រួសារ និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម។

និយាយឲ្យខ្លី អត្រានុកូលដ្ឋានមានសំបុត្រកើត ការ និងកប់។ នីតិវិធីនៃការធ្វើសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត គឺឪពុក ឬម្ដាយ ឬញាតិជានីតិជនដែលនៅផ្ទះជាមួយគ្នា និងសមីខ្លួនត្រូវយកលិខិតស្នាមចាំបាច់ទៅកាន់សាលាឃុំ ឬសាលាសង្កាត់ដូចជា៖

  • លិខិតទទួលស្គាល់កំណើតចេញដោយមណ្ឌលសុខភាព មន្ទីរពេទ្យឬមេភូមិ
  • សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅដែលមានឈ្មោះឪពុកម្ដាយរបស់ទារក
  • សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ឬសេចក្ដីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍របស់ឪពុកម្ដាយទារកបើមាន។

លោក អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមករកសេវាកែតម្រូវ ឬមោឃភាពអត្រានុកូលដ្ឋាន ត្រូវមានឯកសារពាក្យព័ន្ធមកជាមួយនូវឯកសារដើម និងឯកសារយោងពាក់ព័ន្ធមួយចំនួន ហើយអ្នកមិនទាន់មានឯកសារយោងក៏អាចមកកែតម្រូវ និងផ្ទៀងផ្ទាត់បាននៅទីនេះ ដោយការពិនិត្យម៉ត់ចត់ចង់ធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ មានអត្តសញ្ញាណតែមួយប៉ុណ្ណោះ។

សម្រង់សម្ដី៖ «ការកែតម្រូវគិតគូរគ្រប់ជ្រុងជ្រោយ ដោយសារការកែតម្រូវសព្វថ្ងៃនេះផ្អែកលើកំហុសបច្ចេកទេស និងឯកសារយោង ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនមានឯកសារយោងរឹងមាំ ដូច្នេះមិនមែនជាសមត្ថកិច្ចរបស់នាយកដ្ឋានអត្រានុកូលដ្ឋាននោះទេ វាគឺជាសមត្ថកិច្ចរបស់តុលាការ។ អីចឹងយើងតម្រូវឲ្យបងប្អូនមានឯកសារយោងស៊ីសង្វាក់គ្នា ទី១គាត់ត្រូវមានអត្តសញ្ញាណបណ្ណ សញ្ញាបត្រ ឯកសារមន្រ្តីរាជការ សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ជាដើម ដើម្បីយោងក្នុងការកែតម្រូវនិងចុះបញ្ជីជូនបងប្អូនប្រជាពលរដ្ឋ»

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឲ្យដឹងថា ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទនៅថ្នាក់ក្រោមជាតិ គឺបានចុះបញ្ជីសំបុត្រកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ព្រមទាំងសេវាចម្លងជូនប្រជាពលរដ្ឋ សរុបចំនួន៤០ម៉ឺនសេវានៅក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។ ដោយឡែកនៅក្នុងសេវាទាំងអស់នេះ ក៏មានសេវាថ្នាក់ជាតិដេរ រួមមានការបញ្ចូល ការកែតម្រូវបញ្ជីអត្រានុកូលដ្ឋាន ដែលប្រជាពលរដ្ឋមានការខុសនូវបញ្ជីអត្រានុកូលដ្ឋាន និងមោឃភាពអត្រានុកូលដ្ឋានថ្នាក់ជាតិ ដែលមាននាយកដ្ឋានអត្រានុកូលដ្ឋានដែលជាសេនាធិការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ និយាយពីសេវាផ្ដល់សៀវភៅស្នាក់នៅរហូតដល់ជាង១៦ម៉ឺនសេវា ដែលក្នុងនោះបានផ្ដល់សៀវភៅស្នាក់នៅប្រមាណជាជាង៦ម៉ឺនក្បាល បើធៀបនឹងចំនួនប្រជាពលរដ្ឋទូទាំងប្រទេសបច្ចុប្បន្នមានជាង៣លានគ្រួសារបានចុះបញ្ជីស្នាក់នៅស្មើនឹង៩០% នៃចំនួនគ្រួសារដែលទទួលបានសៀវភៅស្នាក់នៅ។

សម្រង់សម្ដី៖ «ការផ្ដល់សេវាអត្រានុកូលដ្ឋានដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអគ្គនាយកដ្ឋាន បានធ្វើការកែលម្អច្រើនលើបទដ្ឋានគតិយុត្តិ ដើម្បីឲ្យវិធាននៃការកែតម្រូវកាន់តែលម្អិតនិងមានប្រសិទ្ធភាព ។ ការរៀបចំការទទួលប្រជាពលរដ្ឋមកទទួលសេវាទាំងនេះ ដោយមានមន្រ្តីចាំជួយសម្រួលនិងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ ហើយបានផ្ដល់សេវាទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងមន្រ្តី នៅមុនពេលដែលប្រជាពលរដ្ឋមកទទួលសេវា ដែលប្រជាពលរដ្ឋអាចទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទ hot line ដែលមន្រ្តីធ្វើការពីថ្ងៃចន្ទដល់សុក្រ ដោយណែនាំអំពីថាតើប្រជាពលរដ្ឋត្រូវត្រៀមឯកសារអ្វីខ្លះនៅមុនពេលមកកែតម្រូវអត្រានុកូលដ្ឋាននៅនាយកដ្ឋានអត្តសញ្ញាណកម្ម។ ទន្ទឹមនឹងនេះ នាយកដ្ឋានអត្រានុកូលដ្ឋានបានបន្ថែម១ថ្ងៃ នៅថ្ងៃសៅរ៍ដោយទុកលទ្ធភាពឲ្យប្រជាពលរដ្ឋមកទទួលឯកសារដែលបានកែតម្រូវរួចរាល់»។  នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

«បានមកតាំងពីព្រឹកមកទទួលលេខរៀង ប៉ុន្ដែមានផ្ទៃពោះសមត្ថកិច្ចបានសម្រួលនីតិវិធីឲ្យទទួលបានលឿន»។ អាន៖ នេះជាការលើកឡើងរបស់អ្នកស្រី ព្រំ ស៊ីណែត មានស្រុកកំណើតនៅខេត្តកំពត ប៉ុន្ដែរស់នៅខេត្តព្រះសីហនុ ហើយមកទទួលសេវាកែតម្រូវអត្តសញ្ញាណបណ្ណដែលមានឈ្មោះខុសនឹងសំបុត្រកំណើត ដែលអ្នកស្រីមកទទួលសេវានៅនាយកដ្ឋានអត្តសញ្ញាណបណ្ណ នាទីក្រុងភ្នំពេញ។

បន្ថែមលើនេះ លោក យឹម ខេមរិន្ទ ស្វាមីរបស់អ្នកស្រី ព្រំ ស៊ីណែត ដែលបានជូនភរិយាមកកែតម្រូវឈ្មោះនៅក្នុងអត្តសញ្ញាណបណ្ណ បានបញ្ចេញយោបល់ថា មុនពេលមកទទួលសេវាខ្ញុំមានអារម្មណ៍ថាស្មុគស្មាញ ប៉ុន្ដែមកដល់ខុសពីការគិតហើយបែរជាទទួលបានសេវាលឿន។

សម្រង់សម្ដី៖ «ខ្ញុំមានអារម្មណ៍ថាត្រេកអរ មុនមកដល់គិតថានីតិវិធីស្មុគស្មាញប៉ុន្ដែមកដល់ពុំដូច្នេះទេ ឃើញថាចុះលេខតាមលំដាប់លំដោយ ប៉ុន្ដែមន្រ្តីបានពិនិត្យមើលជនពិការភាព ស្ដ្រីមានផ្ទៃពោះបានសម្រួលនីតិវិធីឲ្យលឿន»

យុវជនមួយរូបទៀតឈ្មោះ ម៉ែន បញ្ញាវ័ន្ដរស់នៅសង្កាត់ក្បាលកោះ រាជធានីភ្នំពេញ ដែលបានមកទទួលសេវាបន្ដសុពលភាពអត្តសញ្ញាណបណ្ណ បានលើកឡើងថា ល្បឿននៃការរង់ចាំហាក់លឿនជាងមុនខ្លាំង លោកបានរងចាំតែ១៥នាទី ទទួលបានព័ត៌មាននិងបំពេញឯកសារស្ទើររួចរាល់ទៅហើយ។

សម្រង់សម្ដី៖ «ពេលខ្ញុំមកទទួលសេវាខ្ញុំបាទសប្បាយចិត្តពេលឃើញមន្រ្តីយកចិត្តទុកដាក់ណែនាំដល់ប្រជាពលរដ្ឋសម្រាប់ការងារហ្នឹង»។

នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ នៅនាយកដ្ឋាននេះក៏មានផ្ដល់នូវសេវាសំខាន់ៗដែរ ក្នុងនោះរួមមាន៖

  • សេវាផ្ដល់ថ្មីដល់ប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង
  • ពលរដ្ឋមានអត្តសញ្ញាណបណ្ណហើយ តែអស់សុពលភាព
  • ពលរដ្ឋមានបំណងចង់កែតម្រូវអត្តសញ្ញាណបណ្ណ
  • ពលរដ្ឋមានអត្តសញ្ញាណខូច ឬរបកជាដើម
  • និងពលរដ្ឋបានបាត់អត្តសញ្ញាណបណ្ណ

សម្រង់សម្ដី៖ «ចំពោះតម្លៃគ្រប់សេវាមិនតម្រូវឲ្យបង់នោះឡើយ»។ នេះជាការលើកឡើងរបស់ លោកវរៈសេនីយឯក ព្រំ សំវិសាល នាយការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវយកលិខិតស្នាមចាំបាច់ទៅកាន់អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ដូចជា ៖

  • ពលរដ្ឋត្រូវមានសញ្ជាតិខ្មែរ
  • ជនបរទេសត្រូវមានព្រះរាជក្រឹត្យចូលសញ្ជាតិ
  • សំបុត្រកំណើតដែលបញ្ជាក់ថាសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ដែលបញ្ជាក់ពីសហព័ន្ធសញ្ជាតិខ្មែរ ឬសាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថាជននោះកើតពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ ឬព្រះរាជក្រឹត្យស្ដីពីការទទួលស្គាល់សញ្ជាតិខ្មែរ ឬឯកសារ ភស្ដុតាងជាផ្លូវការដែលបញ្ជាក់ថាសាមីជនកើតមកពីឪពុកម្ដាយដែលមានសញ្ជាតិខ្មែរ

ការផ្ដល់សេវាធ្វើ និងកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរធ្វើឡើងនៅថ្នាក់មូលដ្ឋានដែលជាសេវាកៀកនឹងប្រជាពលរដ្ឋហើយក្ដី ក៏រាជរដ្ឋាភិបាលបានសម្រួលនីតិវិធីសម្រាប់ប្រជាពលរដ្ឋដែលរស់នៅខេត្តឆ្ងាយហើយមកធ្វើការនៅរាជធានីភ្នំពេញ អាចមកទទួលសេវានៅអេអនម៉ល២ សែនសុខ និងនាយកដ្ឋានអត្តសញ្ញាណកម្ម នៅរាជធានីភ្នំពេញ។

ការផ្ដល់សេវាកម្មរហ័សធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត។ ប្រជាពលរដ្ឋពេញចិត្តនៅពេលដែលតម្រូវការរបស់ពួកគេត្រូវបានបំពេញភ្លាមៗ និងមានប្រសិទ្ធភាព។ ប្រជាពលរដ្ឋកោតសរសើរចំពោះមន្ត្រីសម្រាប់ការយកចិត្តទុកដាក់លើការផ្ដល់សេវា។ ទំនាក់ទំនង​ជា​វិជ្ជមាន​រវាង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នេះ ជំរុញ​ឱ្យ​មាន​អារម្មណ៍​ជឿជាក់ និង​កិច្ចសហប្រតិបត្តិការល្អ។ វាក៏លើកកំពស់សុខុមាលភាពទូទៅរបស់សង្គមផងដែរ។

សម្រង់សម្ដី៖ «ការផ្ដល់សេវាឆាប់រហ័សដោយសារមន្រ្តីជំនាញទាំងអស់មានការទទួលការបណ្ដុះបណ្ដាល វិជ្ជាជីវៈក្រមសីលធម៌ផ្សេងៗ ហើយតាមដានត្រួតពិនិតយពីថ្នាក់ដឹកនាំគ្រប់ផ្នែក»។ នេះជាការលើកឡើងរបស់ លោកវរៈសេនីយឯក ព្រំ សំវិសាល។

បន្ថែមលើនេះ ឧត្តមសេនីយ៍ទោស ប៉ិច សឿន អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណខ្មែរ បានលើកឡើងពីគោលការណ៍ណែនាំ និងការណែនាំឲ្យមន្រ្តីខិតខំធ្វើការ ជាពិសេសបញ្ហាក្រមសីលធម៌ ដើម្បីបម្រើនិងផ្ដល់សេវាជូនប្រជាពលរដ្ឋ។

«កន្លងមកខ្ញុំបានខិតខំទោះបីមានការលំបាកអ្វីក៏ដោយណែនាំដល់មន្រ្តីជំនាញឲ្យមានអាក្បកិរិយាសមរម្យមានសុជីវធម៌ ទទួលប្រជាពលរដ្ឋដោយចិត្តទូលាយអប់រំមន្រ្តីជាប្រចាំអំពីវិន័យរបស់កងកម្លាំងផងដែរ »

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឲ្យដឹងថា ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺបានផ្ដល់សេវាប្រមាណជាង៧៥ម៉ឺនសេវា ដែលក្នុងនោះបានផ្ដល់នូវសេវាផ្ដល់ថ្មី ទុតិយតា ករណីបាត់ និងខូច នៅក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។ ដើម្បីផ្ដល់សេវានេះឱ្យកាន់តែរលូន កន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការផ្ដល់សេវានៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ប៉ុស្ដិ៍ននគរបាលក្រុងស្រុកខណ្ឌ និងស្នងការរាជធានី ខេត្ត ប៉ុន្ដែបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋមកទទួលសេវានៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយផ្ទាល់ និងបន្ថែមសេវានៅផ្សារអេអន២ ហើយបន្ថែមមួយទៀតនៅបេឡាជាតិសន្ដិសុខសង្គម បសស (សម្រាប់ពលករ ពលការិនី ដើម្បីទទួលសេវានេះ) ។

សម្រង់សម្ដី៖ «ពាក់ព័ន្ធទៅនឹងការផ្ដល់សេវានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយមន្រ្តីជួរមុខសុទ្ធតែទទួលបានវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈ ហើយប្រជាពលរដ្ឋមុនមកទទួលសេវា គឺយើងមានយន្ដការមួយប្រជាពលរដ្ឋអាច ទំនាក់ទំនងលេខទូរសព្ទ ១២៧១ ដើម្បីជួបមន្រ្តីជំនាញជាមុននៅមុនពេលមកទទួលសេវា តើប្រជាពលរដ្ឋត្រូវត្រៀមឯកសារអ្វីខ្លះ ហើយប្រជាពលរដ្ឋអាចប្រើប្រាស់ App GDI eServices ដែលមានអ្នក Download ប្រើប្រាស់រហូតដល់ ១៥ម៉ឺននាក់រួចមកហើយ។ ក្រុមការងារនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋប្រមាណជា ២ម៉ឺន៥ពាន់នាក់ជាង ដោយប្រជាពលរដ្ឋបានទាក់ទងមកសាកសួរជារៀងរាល់ថ្ងៃនេះ»។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ចេញពីនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រយងនាំអារម្មណ៍ប្រិយមិត្តមកមើលអំពីសេវាកម្មនៅនាយកដ្ឋានលិខិតឆ្លងដែនវិញម្ដង។ នាយកដ្ឋានលិខិតឆ្លងដែន មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារលិខិតឆ្លងដែនធម្មតា និងលិខិតធ្វើដំណើរ ឆ្លងដែនដទៃទៀត។

លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជាគឺជាឯកសារបញ្ជាក់ថាជនដែលកាន់លិខិតឆ្លងដែននោះជាពលរដ្ឋខ្មែរដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។ លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជាគឺជាឯកសារផ្លូវច្បាប់តែមួយគាត់ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេសដោយស្របច្បាប់។

ដើម្បីធ្វើលិខិតឆ្លងដែនបាន គឺប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖

  • ពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើងត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឬសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬឯកសារផ្សេងៗទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
  • កុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានសំណើសុំឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្ដាយ ឬអាណាព្យាបាលដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារនិងសំបុត្រកំណើត។
  • បំពេញពាក្យសុំផ្ដល់លិខិតឆ្លងដែនមួយច្បាប់ផ្ដិតស្នាមម្រាមដៃថតរូបយកភិនភាគស្លាកស្នាមនិងសម្ភាសន៍ផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែនឬសាខាលិខិតឆ្លងដែនដែលមានទីតាំងដូចខាងក្រោម៖

ក.នាយកដ្ឋានលិខិតឆ្លងដែន៖

ខ.សាខាប្រចាំខេត្តបាត់ដំបង

គ.សាខាប្រចាំខេត្តបន្ទាយមានជ័យ

ឃ.សាខាប្រចាំខេត្តកោះកុង

  • ចំពោះរយៈពេលវិញគឺយ៉ាងយូរ២០ថ្ងៃនៃថ្ងៃធ្វើការ និងតម្លៃសេវារដ្ឋបាល និងអាករ

ក. កុមារអាយុពី០ឆ្នាំដល់៥ឆ្នាំ ត្រូវបង់ថ្លៃអាករចំនួន៨០ដុល្លារនិង៤ដុល្លារថ្លៃថតរូប

ខ. ពលរដ្ឋមានអាយុពី៦ឆ្នាំឡើងត្រូវបង់ប្រាក់ថ្លៃអាករចំនួន១០០ដុល្លារនិង៤ដុល្លារថ្លៃថតរូប។

ទាក់ទងនឹងការផ្ដល់សេវានេះ អ្នកស្រី ជា ខេង ប្រជាពលរដ្ឋខ្មែររស់នៅរាជធានីភ្នំពេញ ដែលបានមកធ្វើលិខិតឆ្លងដែនថ្មី បានឲ្យដឹងថា សេវានៅទីនេះគឺលឿនរហ័សទាន់ចិត្ត និងមន្រ្តីយកចិត្តទុកដាក់ផ្ដល់សេវាហើយអាកប្បកិរិយាប្រកដោយក្រមសីលធម៌ និងសុជីវធម៌។ «សេវាល្អអាចទទួលយកបាន។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយជួយសម្រួលបានរហ័ស»។

អនុសេនីយទោ ថ្លាង សេងយូ មន្រ្តីទទួលបន្ទុកផ្ដល់សេវានៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានលិខិតឆ្លងដែន បានលើកឡើងថា ប្រជាពលរដ្ឋដែលមកធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែន គឺត្រូវមកជួបនឹងមន្រ្តីជំនាញផ្ទាល់ដើម្បីបំពេញពាក្យស្នើសុំ ពិនិត្យលើឯកសារដាក់ពាក្យស្នើសុំ ស្នាមក្រញ៉ៅដៃ ថតរូប វាស់កម្ពស់ ពិនិត្យភិនភាគស្លាកស្នាម និងជួបជាមួយមន្រ្តីជំនាញសម្ភាសន៍ផ្ទាល់ រហូតដល់ជួបខាងបេឡាបង់ប្រាក់ជ្រើសសេវាដែលចង់បាន។

ចំពោះឥរិយបថរបស់នៃការធ្វើការគឺមន្រ្តីធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ដល់សេវា ដោយធ្វើយ៉ាងណាត្រូវផ្ដល់សេវាឲ្យមានភាពរហ័សរហួន និងក្រមសីលធម៌វិជ្ជាជីវៈនគរបាល។

សម្រង់សម្ដី៖ «សម្រាប់ខ្ញុំខ្ញុំយល់ថា ការផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋបានយល់ដឹងអំពីការមកទទួលសេវានៅនាយកដ្ឋានលិខិតឆ្លងដែន ហើយមន្រ្តីផ្ដល់សេវាគឺផ្ដល់សេវាដោយស្នាមញញឹមប្រកបដោយតម្លៃភាព»។ នេះជាការលើកឡើងរបស់ អនុសេនីយទោ ថ្លាង សេងយូ។របាយការណ៍រយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានកត្រាឲ្យដឹងថា ការផ្ដល់សេវាលិខិតឆ្លងដែន បានប្រមាណជាង ២០ម៉ឺនសេវា នៅក្នុងនោះមានការផ្ដល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងលិខិតធ្វើដំណើររបស់ពលករទៅធ្វើការក្រៅប្រទេស។

ទាក់ទងនឹងការផ្ដល់សេវានេះដែរ ទៅថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានរៀបចំសេវារដ្ឋបាលដល់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ដូច្នេះប្រជាពលរដ្ឋខ្មែរនៅកូរ៉េមានបញ្ហាហួសឬជិតអស់សុពលភាព អាចបំពេញបែបបទធ្វើបន្តនៅកូរ៉េតែម្ដង។ កិច្ចការនេះបានចាប់ផ្ដើមអនុត្តតាំងពីដើមខែមករាឆ្នាំ២០២៤មក ដោយរយៈពេល២ខែចុងក្រោយនេះ បានផ្ដល់លិខិតឆ្លងដែនជាង១ពាន់រួចទៅហើយ។

សម្រង់សម្ដី៖ «ការលើកកម្ពស់ការផ្ដល់សេវាអត្តសញ្ញាណកម្មនេះ នៅអំឡុងខែឧសភា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃបានដាក់ឲ្យដំណើរការសាកល្បងយន្ដការច្រកចេញចូលតែមួយ ពាក់ព័ន្ធទៅនឹងការផ្ដល់សេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់ យន្ដការនេះបានដំណើរការសាកល្បងនៅក្នុងខេត្តចំនួន២គឺ ខេត្តកែបនិងខេត្តកំពត ដែលមកដល់ពេលនេះមាន៧ឃុំសង្កាត់ នៅខេត្តកែប និង៧សង្កាត់នៅខេត្តកំពត ក្រោយពីទទួលបានជោគជ័យសាកល្បងពីរខេត្ត គឺ២ឆ្នាំក្រោយក៏ទទួលបានគោលការណ៍អនុវត្តសាកល្បងនៅក្នុង១៤សង្កាត់ក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ កិច្ចការនេះប្រជាពលរដ្ឋមានការសាទរ ដោយសេវានេះកៀកហ្នឹងប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋអាចមកទទួលសេវាដោយផ្ទាល់ ហើយទទួលសេវានៅកន្លែងតែមួយ មានសេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងចុះសេវាអត្តសញ្ជាតិខ្មែរ ដោយប្រជាពលរដ្ឋទទួលបានសេវាទាំង៣នៅកន្លែងតែមួយ។ ចំណុចសំខាន់មួយទៀតប្រជាពលរដ្ឋបានទទួលសេវាប្រព័ន្ធទិន្នន័យបោះពុម្ពអត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតែមួយ»

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងបន្ថែមថា នៅក្នុងយុទ្ធសាស្រ្តបញ្ចុកោណទី១ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល គឺអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងវិទ្យស្ថានស្ដិតិ នៃក្រសួងផែនការ បានដាក់ដំណើរការសាកល្បង ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ចុះថ្ងៃទី១ វិច្ឆិកា ២០២៣ កន្លងទៅ។ ការសាកល្បងនេះ ផ្ដោតលើប្រព័ន្ធចុះបញ្ជីសំបុត្រកំណើត ការចុះបញ្ជីសំបុត្រអាពាហ៍ពិពាហ៍ និងការផ្ដល់លេខអត្តសញ្ញាណបុគ្គល ដល់ទារកដែលទើបនឹងកើត។ ដូច្នេះលេខកូដអត្តសញ្ញាណបុគ្គល ដែលហៅថា UIC នឹងត្រូវផ្ដល់ដល់បុគ្គលគ្រប់រូបប្រើប្រាស់ពេញមួយជីវិត ចាប់ពីពេលគាត់កើតរហូតដល់គាត់ស្លាប់។ យន្ដការនេះមូលដ្ឋានសុខាភិបាលបានជូនដំណឹងអំពីកំណើតរស់ និងមូលហេតុមរណភាព ទៅកាន់ប្រព័ន្ធអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅបានដាក់ឲ្យដំណើរការនៅសង្កាត់មួយចំនួន។ ប្រព័ន្ធនេះនឹងសិក្សាវាយតម្លៃអំពីចំណុចខ្វះខាត និងឈានទៅអនុវត្តទៅតាមបណ្ដាឃុំសង្កាត់បន្ថែមទៀត ។ មួយទៀត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ដូចជាសេវាអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ។ ចំណុចនេះគឺចូលរួមចំណែកសំខាន់នៅក្នុងការកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋ ដែលត្រូវមកបំពេញសេវានៅកន្លែងផ្ទាល់ ងាកមកបំពេញឯកសារតាមអនឡាញបាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានលើកឡើងបន្ថែមទៀតថា ជាទិសដៅបន្ដ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រាប់ក្របខណ្ឌច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានចូលជាធរមានហើយ និងត្រូវអនុវត្តក្នុងខែកក្កដា ២០២៤។ ដូច្នេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងរៀបចំបទដ្ឋានគតិយុត្តិផ្សេងៗទៀត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់នេះ ឲ្យកាន់តែទូលំទូលាយ។ ចំណុចមួយទៀត គាំទ្រនិងជំរុញដល់រដ្ឋបាលរាជធានីខេត្ត ផ្សព្វផ្សាយច្បាប់នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដែលមានការចូលរួមគ្រប់ពីអង្គភាព ចាប់តាំងពីក្រសួងរហូតដល់ថ្នាក់រាជធានីខេត្ត និងស្ថាប័នតុលាការជាដើម ដែលមានអ្នកចូលរួមប្រមាណជា ៧០០នាក់ ដោយបានបើកសិក្ខាសាលានេះក្រោមអធិបតីភាព រដ្ឋលេខាធិការ និងពិធីបិទក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឲ្យភាគីទាំងអស់យល់បានអំពី គោលបំណងនិងខ្លឹមសារនៃច្បាប់ ។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអនុវត្តច្បាប់នេះ ដោយមានការចូលរួមពីតំណាងរាជធានីខេត្តទាំងអស់ ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបណ្ដុះបណ្ដាលបន្ដដល់ មូលដ្ឋាន ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ។ ក្នុងនោះដែរបន្ដសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរនានា ក្នុងការសាកល្បងដំណាក់កាលទី១ នៃការចុះបញ្ជីប្រព័ន្ធអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកសិក្សាវាយតម្លៃអំពិចំណុចខ្លាំងនិងខ្សោយ នៃដំណាក់កាលទី១ និងឈានទៅដំណាក់កាលទី២ មុននឹងដាក់ឲ្យដំណើរការពេញលេញ។ ក្នុងនោះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការរាជធានីខេត្ត ដឹកនាំជំរុញយន្ដការអនុវត្តច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម នៅតាមឃុំសង្កាត់ ដែលមានអភិបាលរាជធានីខេត្តជាប្រធាន ដើម្បីដឹកនាំតម្រង់ទិស ។

ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានលើកឡើងទៀតថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងបន្ដពង្រឹងការបណ្ដុះបណ្ដាលលើក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្រ្តីជួរមុខរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីឲ្យទទួលបាននូវក្រមសីលធម៌វិជ្ជាជីវៈ ។ បច្ចុប្បន្នបានបណ្ដុះបណ្ដាល ចំនួន៣វគ្គ ដែលមានអ្នកចូលរួម ជិត២០០នាក់ហើយ ដែលជាមន្រ្តីអនុវត្តផ្ទាល់ ពោលគឺមន្រ្តីជួរមុខ។ ក្នុងនោះយើងបានរៀបចំសៀវភៅណែនាំស្ដីពីសេវាអត្តសញ្ញាណកម្ម និងអត្ថបទខ្លីៗចែកជូនប្រជាពលរដ្ឋ ឱ្យបានយល់ និងរៀបចំបង្កើតវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីដំណើរការនៃការចុះបញ្ជីអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការធ្វើលិខិតឆ្លងដែនជាដើម។ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហា អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម មានប្រព័ន្ធដោះស្រាយ តាមរយៈយន្ដការ អេប ដែលបានដាក់ឲ្យដំណើរការរួចហើយ និងលេខទូរសព្ទ ដែលមានមន្រ្តីរង់ចាំធ្វើការឆ្លើយតប។

សម្រង់សម្ដី៖ «ក្នុងនាមជាមន្រ្តីផ្ដល់សេវា គឺថ្នាក់ដឹកនាំតែងតែណែនាំតម្រង់ទិស ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ធ្វើយ៉ាងណាបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ហើយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានគោលដៅឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវកំណត់អត្តសញ្ញាណ គឺ «បុគ្គលម្នាក់ មានតែអត្តសញ្ញាណតែមួយ» ហើយប្រជាពលរដ្ឋមកទទួលសេវា ហើយរីករាយនឹងទទួលបានសេវាដែលយើងផ្ដល់ជូន ខ្ញុំគិតថា ជាការល្អប្រសើរ ហើយស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាឆន្ទៈរបស់ថ្នាក់ថ្នាក់ដឹកនាំ ផ្ដល់សេវាដល់ប្រជាពលរដ្ឋគ្រប់ៗរូប ប្រកបដោយប្រសិទ្ធភាព និងស្មើរៗគ្នា មានភាពរហ័ស ក្នុងសេវាអត្តសញ្ញាណកម្មនេះ»

Share.