​សិល្បៈជាតិ៖ អ្នកលេងបណ្ដាញសង្គម ពិសេសក្រុមអ្នកនិយមស្រលាញ់គាំទ្រសិល្បៈនិងវប្បធម៌ បានបង្ហាញអារម្មណ៍ស្ញប់ស្ញែងចំពោះរូបភាពទាំង ៥៤ សន្លឹករបស់លោកជំទាវ កែ សួនសុភី តុបតែងកាយជា «ព្រះនាងជ័យរាជទេវី» នៅប្រាសាទព្រះខ័នដើម្បីចូលរួមផ្សព្វផ្សាយនឹងលើកស្ទួយសិល្បៈដូនតាខ្មែរ។

ជា​ការ​ពិត​ណាស់​ មនុស្ស​ទូទៅ​មិន​សូវ​ជា​ដឹង​ច្រើន​ឡើយ​អំពី​ព្រះនាង​ ជ័យរាជទេវី ដោយ​គ្រប់​គ្នា​ភាគ​ច្រើន​ ស្គាល់​ច្បាស់​អំពី​ព្រះ​នាង​ ឥន្ទ្រទេវី ប៉ុន្តែ​តាម​រយៈ​ការ​តុបតែងកាយ​ ដើម្បី​ជា​ស្មារតី​បំផុត​គំនិត​ចូល​រួមផ្សព្វផ្សាយនឹងលើកស្ទួយវប្បធម៌សិល្បៈដូនតាខ្មែរ របស់​លោក​ ជំទាវ កែ សួនសុភី ដោយ​មានការ​ស្រាវជ្រាវ​និង​​ភ្ជាប់​នូវ​ខ្លឹមសារ​មាន​អត្ថន័យ​ដ៏​ស៊ីជម្រៅ​ផង​នោះ​ ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បង្ហាញ​ពី​ការ​ស្ញប់ស្ញែង​និង​ពោល​សរសើរ​មិន​ដាច់​ពីមាត់​។

តាមរយៈសំណេរដ៏មានខ្លឹមសារចាក់ដល់បេះដូងមហាជន និងស្ត្រីខ្មែរគ្រប់រូប លោកជំទាវ កែ សួនសុភី បានលើកឡើងថា ការចូលរួមតុបតែងកាយជា «អង្គវីរៈនារីខ្មែរព្រះនាងជ័យរាជទេវី» នាពេលនេះ គឺលោកជំទាវមានគោលបំណងចង់បង្ហាញពីតួអង្គស្ត្រីខ្មែរដែលលះបង់ពលីគ្រប់យ៉ាងដើម្បីស្វាមី។ លោកជំទាវ កែ សួនសុភី រៀបរាប់ជាសំណេរថា ៖ «បំណងប្រាថ្នារបស់នាងខ្ញុំគឺតែងតួអង្គវីរៈនារីខ្មែរព្រះនាងជ័យរាជទេវី ដែលជាតួអង្គសំខាន់មួយចំណោមតួអង្គខ្មែរយើង​ស្ត្រីដែល​លះបង់គ្រប់យ៉ាងដើម្បីព្រះស្វាមី កាន់ភ្ជាប់ព្រះពុទ្ធសាសនា និងស្រលាញ់ប្រទេសជាតិ»។

ដោយឡែក លោកជំទាវ ក៏បានសរសេរខ្លឹមភ្ជាប់ជាមួយការពន្យល់បន្ថែមអំពី ការប្រណិបតិន៍របស់ព្រះនាងជ័យរាជទេវីចំពោះព្រះស្វាមីថា  ព្រះនាងទ្រង់យល់ច្បាស់នូវច្បាប់ព្រះពុទ្ធសាសនា ហើយព្រះនាងមានព្រះទ័យស្មោះចំពោះព្រះស្វាមី គោរពប្រតិបត្តិតាមសង្គហធម៌ រវាងស្វាមីនិងភរិយាឥតមានខ្វះចន្លោះត្រង់ណាឡើយ។ កិច្ចវត្តរបស់ភរិយាដែលត្រូវបំពេញចំពោះស្វាមី ព្រះនាងជ័យរាជទេវីបានបំពេញឥតមានសល់ចន្លោះកន្លែងណា។ ទោះជាព្រះនាងមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏ព្រះនាងនៅតែបំរើព្រះស្វាមីឱ្យសមតាមឋានៈ។ ព្រះនាងមិនបណ្តោយឱ្យភិលៀងចាត់ចែងមុខងាររបស់ស្រ្តីថ្វាយព្រះស្វាមីទេ ដោយទ្រង់បំពេញមុខងារជាភរិយាដោយព្រះហស្ថផ្ទាល់ចំពោះព្រះស្វាមី។ ពេលក្រយាស្ងោយ ព្រះនាងតែងតែរៀបចំដោយព្រះហស្ថផ្ទាល់ថ្វាយព្រះស្វាមី។ ពេលព្រះស្វាមីប្រឈួន និងនៅពេលប្រកបរាជកិច្ចនឿយហត់ ព្រះនាងតែងតែនៅក្បែរគក់ច្របាច់ថ្វាយស្វាមី។

សូមជម្រាបថា លោកជំទាវ កែ សួនសុភី កូន​ស្រី​​ពៅរបស់​ឯកឧត្តម​ កែ គឹមយាន និង​លោកជំទាឧកញ៉ា ហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ក្រៅពីបង្ហាញសកម្មភាពបម្រើការងារសង្គម និងជួយជ្រោងជ្រែងលើកវិស័យកីឡាយ៉ាង​សស្រាក់សស្រាំ​ហើយនោះ លោកជំទាវក៏​បានចូលរួមយ៉ាង​សកម្ម​ក្នុង​ការ​រៀបចំព្រឹត្តិការណ៍ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ ជាពិសេសទៅលើការជំរុញផ្សព្វផ្សាយអំពីតំបន់ទេចរណ៍នានា ប្រាសាទបុរាណ មាន​ប្រាសាទ ​បន្ទាយឆ្មារ ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន​ផង​ដែរ​៕

Share.