ភ្នំពេញ ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរតែក្លាយទៅជាផេះផង់ទៅហើយ បង្កឱ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋអ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវលេខ៥ គីឡូម៉ែត្រលេខ៩ ភូមិ៤ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា ផ្ទះចំនួន២ខ្នងជាប់គ្នាទទួលរងនូវអគ្គិភ័យឆាបឆេះ ប្រភេទឈើលើ ថ្មក្រោម ប្រក់ក្បឿង ហើយនៅវេលាម៉ោងខាងលើ ផ្សែងហុយ ចេញជាអណ្តាតភ្លើងចេញពីផ្ទះលក់ដូរ រាលបន្តទៅផ្ទះមួយខ្នងទៀតស្ថិតនៅជាប់គ្នា តែម្តង។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានប្រប្អូនអ្នកភូមិប្រើប្រាស់ម៉ាសុីនបូមទឹកពីទន្លេ បាញ់ នៅតែមិនឈ្នះ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅបន្តបន្ទាប់ បាញ់ទឹកពន្លត់ភ្លើង ឱ្យរលត់ទៅវិញ។

គ្រោះអគ្គិភ័យខាងលើបណ្តាលឱ្យផ្ទះស្ទើរតែក្លាយទៅជាផេះផង់ទៅហើយ អស់ទាំងទ្រព្យសម្បត្តិ ចំពោះមូលហេតុ បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះ អ្នកលក់ដូរ បានឱ្យដឹងថា ខណៈដែលកំពុងស្ងោរខ្ចៅ នៅខាងក្រោម ស្រាប់តែផ្សែងហុយឆេះ ចេញពីផ្ទះជាន់លើ ដែលពុំមានអ្នកណាម្នាក់នៅឡើយ ឆេះរាលដាលតែម្តង តាមការសន្និដ្ឋានផ្តើមចេញពីទុស្សេខ្សែភ្លើង ខាងលើផ្ទះ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.