ភ្នំពេញ៖ សន្តិសុខយាមក្រុមហ៊ុនមួយកន្លែង ចប់ធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តាមផ្លូវបែកកង់ ត្រូវជនសង្ស័យម្នាក់បន្លំធ្វើជួយ បែជាដាក់ថ្នាំសណ្តំ យកទូរស័ព្ទអស់១គ្រឿង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ៥០៨ ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្ទង់ម៉ោង១១យប់ គាត់បានចប់ម៉ោងធ្វើការ ដោយគាត់ជាសន្តិសុខយាមក្រុមហ៊ុនមួយកន្លែង លុះចេញពីធ្វើការ គាត់បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ 1CP-6796 ត្រឡប់ទៅផ្ទះវិញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស។

គាត់បានបន្ថែមទៀតថា លុះដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកកែងផ្លូវលេខ៥០៨ ស្រាប់តែបែកកង់ម៉ូតូ គាត់ក៏បានឈប់ម៉ូតូរួចឱនមើលកង់ដែលបែកនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូកង់បី (កង់បីខ្មែរ) មកឈប់ក្បែរគាត់ រួចបន្លំធ្វើជាជួយយកអាសារ។ បន្ទាប់មកជនសង្ស័យដែលជាម្ចាស់កង់បីនោះ បានទាញស្ករគ្រាប់១គ្រាប់ឱ្យទៅគាត់ ដោយគិតថាធម្មតា គាត់ក៏បានលូកដៃយកស្ករគ្រាប់បំណងហូប តែមិនទាន់បានហូបផង ក៏ស្រាប់តែវិលមុខ ស្រវាំងភ្នែកមើលអីចង់ច្បាស់ ទប់អារម្មណ៍មិនចង់បាន ក៏បាត់បង់ស្មារតី ដោយជនសង្ស័យបានព្យាយាមលួងលោមគាត់ឱ្យលើកម៉ូតូដាក់កង់បី ហើយឱ្យគាត់ដើរ តែគាត់មិនព្រមព្រោះនៅមានស្មារតីខ្លះៗ ក៏ប្រកែក ស្រាប់តែត្រូវជនសង្ស័យបន្លំយកទូរស័ព្ទដៃ OPPO ១គ្រឿងរួចបើកកង់បីរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចបាននាំបុរសរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច

Share.