ដាកា៖ ការិយាល័យតុលាការជាន់ខ្ពស់មួយនៅប្រទេសបង់ក្លាដែស កាលពីថ្ងៃចន្ទបានបញ្ជាឱ្យបិទសាលាបឋមសិក្សា និងអនុវិទ្យាល័យរហូតដល់ថ្ងៃព្រហស្បតិ៍ ចំពេលមានរលកកំដៅខ្លាំងមិនធ្លាប់មានពីមុនមក ដែលបានបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសអាស៊ីខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Xinhua នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

បទបញ្ជានេះត្រូវបានប្រកាស បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា សិស្ស និងគ្រូបង្រៀនមួយចំនួននៅផ្នែកខ្លះនៃប្រទេសបានធ្លាក់ខ្លួនឈឺ ចំពេលមានរលកកំដៅកំពុងបន្ដកើនឡើង។

សាលារៀន និងមហាវិទ្យាល័យបានបើកឡើងវិញនៅថ្ងៃអាទិត្យ បន្ទាប់ពីបិទចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ដោយសារស្ថានភាពរលកកំដៅក្ដៅខ្លាំង។

ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ បានបន្តការជូនដំណឹងអំពីកំដៅ ខណៈដែលរលកកំដៅទំនងជានឹងបន្តរយៈពេល ៧២ម៉ោងទៀត បន្ទាប់ពីការជូនដំណឹងមុន ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩, ២២ និងថ្ងៃទី២៥ ខែមេសា ខណៈនាយកដ្ឋានឧតុនិយមបង់ក្លាដែស (BMD) បន្តតាមដាន និងឆ្លើយតបទៅនឹងគំរូអាកាសធាតុដ៏លំបាកដែលប៉ះពាល់ដល់ តំបន់ភាគច្រើននៃប្រទេសបង់ក្លាដែស។

កាលពីថ្ងៃចន្ទ ប្រទេសបង់ក្លាដែសបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតក្នុងរដូវក្តៅនេះនៅកម្រិត ៤៣អង្សាសេ នៅក្នុងស្រុក Chuadanga ចម្ងាយប្រហែល ២១៥គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Dhaka។ ខណៈសីតុណ្ហភាពសម្រាប់ទីក្រុងដាកា បានកើនឡើងដល់ ៤០.៥អង្សាសេ។

ទីក្រុងដាកា បានជួបប្រទះសីតុណ្ហភាព ៤០.៦អង្សាសេ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរដ្ឋធានីក្នុងរយៈពេល ៥៨ឆ្នាំមកនេះ។

មានរបាយការណ៍ជាច្រើន រាយការណ៍អំពីការស្លាប់ដោយសារជំងឺគ្រុនក្តៅនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយកាល​ពី​ថ្ងៃ​ចន្ទ កសិករ​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ខ្យល់​គ ហើយរហូតមកដល់ពេលនេះ មនុស្សប្រហែល ៣៥នាក់ បានស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនៅក្នុងប្រទេស។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ និងរលកកំដៅ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុបានបណ្តាលឱ្យមានគ្រោះមហន្តរាយញឹកញាប់ជាងធម្មតានៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ ១៦៥លាននាក់។

អ្នកជំនាញបាននិយាយថា រលកកំដៅទំនងជានឹងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែភ្លៀងធ្លាក់ខុសប្រក្រតី និងសីតុណ្ហភាពខ្ពស់ ដែលបង្កការគំរាមកំហែងកាន់តែធំដល់ប្រទេសបង់ក្លាដែស ដែលជាជនរងគ្រោះដ៏ធំបំផុតមួយនៃការឡើងកំដៅផែនដី៕

ប្រភព៖ Xinhua

Share.