ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាតិថៃចំនួន៣នាក់។

ជនត្រូវចោទទាំង៣នាក់ទី១. ឈ្មោះ ផាន់ធេប វិត្យា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិថៃ ។ ២.ឈ្មោះ ណាក់រ៉ុងរិទ្ធ ចាក់រ៉ើនស៊ុក ហៅ យ៉ូ ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិថៃ និង៣.ឈ្មោះ ក្រៀងស័ក្ត ម៉ាក់លិគុណ ហៅ នុំ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០ លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទ កាន់កាប់ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវកែងចិន្តា ក្រុមទី៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ និងបទ សម្អាតប្រាក់ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ទោ ឆាយ ហួត. លោក ឧត្តមសេនីយ៍ត្រី គឹម តូ. លោក វរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង១ខែ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជុំវិញករណីនេះដែរ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ០១នាក់ស្លាប់ និង០១នាក់ រងរបួស ។
ដកហូតវត្ថុតាងគ្រឿងញៀនសរុប ៤១គីឡូ៩៣២ ក្រាម កេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ ក្រាម អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គ.ក្រ ៧៥២ ក្រាម រថយន្ត ២គ្រឿង អាវុធខ្លី ២ដើម៕

អត្ថបទ៖ ចតុមុខ

Share.