ព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះបង្រ្កាបករណី ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៤នាក់ រដកអូសសារធាតុញៀនជាង ៥គីឡូក្រាម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ១កន្លែង ស្ថិតនៅចំណុច ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ លុះដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបន្ដទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន ២នាក់ ស្រី ១នាក់ បន្ថែមទៀត ជាជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។

ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ LIU CHANG LIANG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។ ២-ឈ្មោះ CHU XINLE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។ ៣-ឈ្មោះ GONG YANGQING ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។ ៤-ឈ្មោះ SHI MINGHA ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។

ក្នុងនោះកម្លាំងសម្ថកិច្ចដកហូតសារធាតុញៀនទម្ងន់សរុប ៥៧២៨,៣០ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀមទម្ងន់ ៦១៣,០១ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ៨គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៦គ្រឿង លិខិតឆ្លងដែនចំនួន ៣ក្បាល កាតធនាគារចំនួន ៣សន្លឹក ម៉ូតូចំនួន ១គ្រឿង និងឧបករណ៍កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានមន្រ្តីនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ ព្រះសីហនុ

Share.