ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរវិលឆ្ពោះទៅផ្ទះ ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង តាមធ្វើសកម្មភាពឆក់ខ្សែក មិនបានសម្រេច យកអត់បាន តែដួលរងរបួសធ្ងន់ បែកមុខបែកមាត់ ឈាមហូរកក្លាក់ជោគខ្លួន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ងួន ផេងអាំង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ អ្នកបកប្រែចិន មានប្តីជាជនជាតិចិន ស្នាក់នៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកសម្ភារៈ ខ្សែកប្លាទីនជិត១តម្លឹងទាំងបន្តោង មិនបានបាត់បង់ឡើយ តែដួលរងរបួសបែកមុខ ហូរឈាមកក្លាក់ ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GF-7304 ចេញពីធ្វើការរោងចក្រ ម្តុំវត្តស្លែង វិលទៅផ្ទះនៅភូមិក្រាំងដូនទៃ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពី ពណ៌ស មិនចាំស្លាកលេខ តាមពីក្រោយមកធ្វើសកម្មភាពឆក់ខ្សែក តែមិនបានសម្រេច មិនដាច់ខ្សែក បែជាដួលរងរបួស ជនរងគ្រោះជិះគេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.