ម៉ាណាដូ៖ អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា ភ្នំភ្លើង Mount Ruang របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះជាច្រើនដងកាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ដោយបានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុត និងបានបញ្ជាឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន ដោយសារតែការគំរាមកំហែងនៃរលកយក្សស៊ូណាមិ បន្ទាប់ពីកំទេចកំទីខ្ទាតចេញពីភ្នំនោះបានរអិលបាក់ធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

មជម្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្ដរាយភ្នំភ្លើង និងភូគព្ភសាស្រ្ត របស់ប្រទេសបានព្រមានថា ការគំរាមកំហែងពីការផ្ទុះភ្នំភ្លើងនៅមិនទាន់ចប់ទេ បន្ទាប់ពីវាបានផ្ទុះជាច្រើនដងក្នុងខែនេះ ដែលបង្កឱ្យមានការជម្លៀសមនុស្សជាង ៦,០០០នាក់។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្ដរាយភ្នំភ្លើង និងភូគព្ភសាស្រ្ត បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ភ្នំភ្លើង Ruang ស្ថិតនៅខេត្ត North Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនៅម៉ោងប្រហែលជា ១:១៥នាទីទាបភ្លឺ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ បន្ទាប់មកបានផ្ទុះ ២ដងទៀត នៅពេលព្រឹកថ្ងៃដដែល កម្ទេចផេះរបស់ភ្នំភ្លើងនេះ បានហោះហើរចម្ងាយ ៥គីឡូម៉ែត្រទៅលើមេឃ។

អ្នកនាំពាក្យ Abdul Muhari បានប្រាប់សន្និសីទសារព័ត៌មានមួយថា
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ (BNPB) បានប៉ាន់ប្រមាណថា មនុស្សពី ១១,០០០នាក់ ទៅ ១២,០០០នាក់ត្រូវជម្លៀសចេញពីតំបន់ក្បែររណ្ដៅភ្នំភ្លើង Ruang។

លោក​បាន​បន្ត​ថា​៖ «​បច្ចុប្បន្ន​ភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ក្នុង​តំបន់…យោធា និង​ប៉ូលិស​កំពុង​ជម្លៀស​អ្នក​ស្រុកចេញពីទីនោះ​»​។

លោក Abdul បាននិយាយថា «កប៉ាល់ជួយសង្គ្រោះ និងនាវាចម្បាំងមួយគ្រឿងត្រូវបានបញ្ជូន ដើម្បីជួយជម្លៀសមនុស្សរាប់ពាន់នាក់ពីកោះ Tagulandang ដែលនៅជិតខាងភាគខាងជើងទៅកាន់កោះ Siau ដោយសារតែមានការព្រមានពីរលកយក្សស៊ូណាមិ»។

លោក បន្ថែមថា «យើងជំរុញប្រជាជននៅកោះ Tagulandang ឱ្យនៅឱ្យឆ្ងាយពីតំបន់ឆ្នេរ ដើម្បីប្រុងប្រយ័ត្នចំពោះសក្តានុពលនៃរលកយក្សស៊ូណាមិ ដែលនឹងកើតឡើង» ដោយលើកឡើងពីរលកយក្សកាលពីឆ្នាំ១៨៧១ ដែលបានសម្លាប់មនុស្សប្រហែល ៤០០នាក់ បន្ទាប់ពីកំទេចកំទីភ្នំភ្លើងបានធ្លាក់ចូលទៅក្នុងសមុទ្រ។

សូមជម្រាបថា មុនពេលការផ្ទុះភ្នំភ្លើងចុងក្រោយនេះ មានការផ្ទុះជាបន្ដបន្ទាប់កាលពីដើមខែនេះ ដែលនាំឱ្យមានការជម្លៀសប្រជាជនរាប់រយនាក់ រួមទាំងបានបិទអាកាសយានដ្ឋានក្នុងរដ្ឋធានី Manado នៃខេត្ត North Sulawesi ផងដែរ៕

ប្រភព៖ CNA

Share.