អ្នក​នាង​ ទេព បូព្រឹក្ស ត្បិត​ជា​តារាចម្រៀង​សម័យ​យេយេ តុបតែងខ្លួន​ទាន់​សម័យ​ទំនើប ប៉ុន្តែ​បេះដូង​និង​ខួរ​ក្បាល​របស់​តារា​រូប​នេះ​​ ពោរពេញ​ទៅ​ដោយ​ការ​ស្រលាញ់​ និង​ចង់​លើក​ស្ទួយ​សិល្បៈវប្បធម៌ជាតិ​​ បើ​ទោះ​ជាដឹង​ថា​បទ​ចម្រៀង​ខ្លះ​របស់​នាង​ ដែល​លើកតម្កើង និង​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ អាច​​នឹង​ធ្វើឱ្យ​អ្នក​នាង​បាត់ហ្វេន​មួយ​ចំនួន​ពី​ប្រទេស​ថៃ​ក្ដី​។

បទ​ចម្រៀង​ «ទេវរាជ» ដែល​ជា​បទ​ចម្រៀង​មួយ​លាយ​បញ្ចូល​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​សិល្បៈ វប្បធម៌ អាគមគាថា យ័ន្តខ្មែរ​ គឺជា​បទ​ចម្រៀងមួយ​ដែល​អ្នក​គាំទ្រ​បាន​រងចាំ​យ៉ាងអន្ទះសារ​ ចង់​ឃើញ​ពី​ផ្ទាំង​ទស្សនីយភាព​ដែល​នឹង​បង្ហាញ​នៅ​ក្នុង​បទ​នោះ​ យ៉ាង​ណា​មិញ​ការ​រងចាំ​បាន​មក​ដល់​ទីបញ្ចប់​ហើយ ព្រោះ​ម្ចាស់​បទ​បាន​ចេញ​មក​បញ្ជាក់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ថា​នៅ​ថ្ងៃ​ទី២ ខែ​ឧសភា នឹង​បញ្ចេញ​ Teaser បទ​ចម្រៀងនេះជា​ផ្លូវ​ការ​។

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាង​ ទេព បូព្រឹក្ស នៅ​លើ​បណ្ដាញសង្គម៖ «ការប្រមូលផ្តុំនូវចំណុចសំខាន់ៗនៃប្រវត្តិសាស្រ្តទាំងបីសម័យកាលនៃយុគសម័យមាសត្រូវបានបង្គុំឲ្យចេញជារូបរាងនៅក្នុងអត្ថន័យនៃអត្ថបទចម្រៀងមួយបទដោយប្រសិទ្ធនាមថា “ទេវរាជ” ។ សំណេរនៃអត្ថបទចម្រៀង “ទេវរាជ” នេះបានរួមបញ្ចូលនូវការលើកស្ទួយ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត ទេវកថា កាលបរិច្ឆេទនៃសម័យកាលនីមួយៗ គាថា អថ័ន យ័ន្ត និងអក្សរសិល្ប៍ប្រតិស្ឋានពីអង្គអាទិទេពស្តេចនៃលោកហៅថា “អ ឧ ម” ដោយបានចំណាយនូវថេរវេលាយ៉ាងច្រើនដោយកម្លាំងញើសឈាម។ ក្នុងវេលានេះយើងអាចនិយាយដោយបើកចំហបានថា នាថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃដែល ពួកយើងសម្រេចនឹងបញ្ចេញនូវ Teaser នៃវីដេអូចម្រៀង “ទេវរាជ” ជូនបងប្អូនជនរួមជាតិទស្សនា។ សូមបង្កើតឱកាសមួយនេះ ជាការបំផុសគំនិតបង្កើតនូវវេទិកាសិល្បៈវប្បធម៌បុរាណ សម័យ សហសម័យ ដោយកំណត់បាននូវ “បុរាណមិនយឺត សម័យមិនបរទេស” ពោលគឺជារបស់ដែលយើងមានគំនិតបង្កើតឱ្យចេញជាចលនាសាច់ស្រស់ឈាមស្រស់ ពុំមែនជាការស្រមើស្រមៃនោះឡើយ។ ពួកយើងធ្វើបាន បងប្អូនជនរួមជាតិក៏អាចធ្វើបាន ការចូលរួមពួតដៃគ្នាក្នុងពេលវេលាជាចង្កឹះមួយបាច់បានមកដល់ហើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ ទេព បូព្រឹក្ស»

ក្នុង​នាម​ជា​ សិល្បការិនី មួយ​រូប​ អ្នក​នាង​ ទេព បូព្រឹក្ស និង​ក្រុម​ការងារ បាន​ចូលរួម​យ៉ាង​សកម្ម ក្នុងការជំរុញ​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​របស់​ខ្មែរ​ ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង​ ជា​ពិសេស​គឺជា​ឯកសារប្រវត្តិសាស្ត្រ​តជំនាន់​ព្រោះ​យើង​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​ បរទេស​ជិត​ខាង​ តែងតែ​ចិញ្ចឹម​ចង់​លេប​ត្របាក់សិល្បៈវប្បធម៌ខ្មែររហូត​មក​​៕

Share.