ភ្នំពេញ ៖ ស្ត្រី២នាក់បងប្អូនរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមឌុបគ្នាទៅធ្វើការ លឿនជ្រុលបុកសត្វឆ្កែរត់កាត់ផ្លូវ ដួលអូសជាង១០ម៉ែត្រ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ២នាក់បងប្អូន ឈ្មោះ សួន សាវី អាយុ៣៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រសួនវឌ្ឍនៈ២ រងរបួសជើងឆ្វេង ជាអ្នកបើកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1R-1331 ឌុបប្អូនស្រីឈ្មោះ សួន ស្រីម៉ៅ អាយុ២២ឆ្នាំ មុខរបរ ធ្វើការជាមួយគ្នា រងរបួសជើងឆ្វេង ស្នាក់នៅផ្ទះជួលជាមួយគ្នា នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា រាល់ថ្ងៃគាត់ធ្វើដំណើរទៅធ្វើការងារនៅរោងចក្រសួនវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ តាមផ្លូវ៦០ម៉ែត្រ ហើយនៅព្រឹកនេះ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាទៅធ្វើការ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែសត្វឆ្កែរត់ឆ្លងផ្លូវកាត់មុខ ពីលិចទៅកើត ហ្វ្រាំងមិនទាន់ ជ្រុលបុកដួលអូសច្រើនម៉ែត្រ សត្វឆ្កែ រត់ចូលការដ្ឋានក្រឡុកបេតុងបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងខូចខាត ត្រូវបានក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.