លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងជាប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ បានចូលរួមបរិច្ចាគប្រាក់រង្វាន់ នៃការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ចំនួន ៤០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Stars) ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នេះ។

សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌ខាងលើ នឹងមានការប្រកួតចំនួន ២គូ ដោយគូទី១ គឺជាការជួបគ្នារវាងក្រុម Vloggers All Star និងក្រុមបាល់ទះ S&E All Star និងគូទី២ ជាការជួបគ្នារវាងក្រុម Cambodia Football Super Stars និងក្រុម Kun Khmer All Star ។

អ្វីដែលពិសេស សម្រាប់ក្រុមបាល់ទាត់ Cambodia Football Super Stars នឹងមានការអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដឹកនាំផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាគ្រូបង្វឹកកិត្តិយស ។ រីឯទស្សនិកជន អាចចូលរួមទស្សនាដោយសេរី ចាប់ពីម៉ោង ២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិ ហើយក៏នឹងមានទស្សនីយភាពសិល្បៈកម្សាន្ដជាច្រើនផងដែរ៕

Share.