ស្វាយរៀង៖ រថយន្តTOYOTA Rush មួយគ្រឿង បើកបរដោយបុរសម្នាក់ ស្ថានភាពស្រវឹង បើករេចង្កូតបុករះរបាសុវត្តិភាព តាមចិញ្ចើមផ្លូវ ហើយបុកម៉ូតូហុងដាឌ្រីមកំពុងចតស្ងៀម រុញធ្លាក់ចុះទៅក្រោមផ្ទប់ជញ្ជាំងទប់ដី គល់ស្ពានតាហោ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជិតឆ្លងចូលថ្ងៃថ្មី ខែថ្មីទៅហើយ ក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចតឈប់ម៉ូតូហុងដាឌ្រីម នៅគល់ស្ពានកន្លែងកើតហេតុ រងចាំបង់សំណាញ់ រកត្រី ខណៈដែលកំពុងអង្គុយលើម៉ូតូ ស្ពាយសំណាញ់លើស្មា ស្រាប់តែរថយន្តបង្ក ម៉ាកTOYOTA Rush ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 2A-1436 បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹង ពីលិចទៅកើត រេចង្កូតទៅស្តាំ បុករះបង្គោលរបាសុវត្តិភាព បាក់អស់២ដើម បន្តទៅបុកពីក្រោយម៉ូតូ ធ្លាក់ទាំងរថយន្ត ទាំងម៉ូតូផ្ទប់ជញ្ជាំងទប់ដីក្បាលស្ពាន ខ្ទេចម៉ូតូ សំណាងល្អ ម្ចាស់របួសស្រាល ។

ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាមសម្រួលជាមួយជនរងគ្រោះ ចេញសងចំនួន២០០ដុល្លារថ្លៃជួសជុលម៉ូតូ តែជនរងគ្រោះមិនព្រម កាលបើម៉ូតូខ្ទេចអស់ហើយ ទើបសមត្ថកិច្ចហៅនាំអ្នកបើកបររថយន្តយកទៅប៉ុស្តិ៍ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចរករថយន្តស្ទូចទៅលើកយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការក្រុងស្វាយរៀង រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.