តារា​ស​ម្ដែង​ជួរ​មុខ​និង​ជា​អ្នក​ជំនួញ​ឈាន​មុខ​របស់​ប្រទេសចិន​ ​ ម្ចាស់​រហស្សនាម​ត្រចៀក​កាំ​ Vicky Zhao ឬ ចៅ វ៉ី បាន​រួម​សហការ​បណ្ដាក់​ទុន​ជាមួយនឹង​ក្រុម​ហ៊ុន​អាលីបាប៉ា ភីចឈ័រ​ ហ្គ្រុប ក្រុមហ៊ុន​ផលិត​ភាពយន្ត​ ស្ថិត​ក្រោម​ក្រុមហ៊ុន​ធំ​ អាលីបាបា ដោយ​មាន​ Jack Ma ជា​អ្នក​បបួល​ឱ្យ​តារាស្រី ​​រូប​នេះ​ចូល​រួ​ម​បណ្ដាក់​ទុន​ក្នុង​ធុរកិច្ច​មួយ​នេះ​។​

ត្រចៀកកាំ តួ​ឯក​ស្រី​ពី​ភាព​យន្ត​ភាគ​បុរាណ​ចិន​ «ព្រះ​នាង​​យ៉េយ៉េ» ដ៏ល្បីល្បាញ​ បច្ចុប្បន្ន​បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​អ្នក​ធុរកិច្ច​ អ្នក​បណ្ដាក់​ទុន និង​មាន​អចលទ្រព្យ​តម្លៃ​រាប់រយ​លាន​យ៉ន់។

ត្រចៀក​កាំ មិន​ត្រឹម​តែ​បណ្ដាក់​ទុន​ក្នុង​ប្រទេស​នោះ​ទេ​ សេដ្ឋីនី​រូប​នេះ​ក៏​បាន​ឆ្លង​ទៅ​បណ្ដាក់​ទុន​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​ចំការ​ទំពាំង​បាយ​ជូ​ ក្នុង​ប្រទេស​បារាំង​ និង​ហាង​គ្រឿង​អលង្ការ​ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​នោះ​ទេ​ ត្រចៀក​កាំ​នៅ​បាន​បណ្ដាក់ទុន​អចលនទ្រព្យ​ជាង ​៥០​លានយ៉ន់ (ជិត​៨​លាន​ដុល្លារ)​ ក្នុង​ទីក្រុង​សៀវហៃ ចាប់​តាំង​ពី​ឆ្នាំ​ 2006 គិត​មក​ដល់​បច្ចុប្បន្ននេះ​តម្លៃ​អចលនទ្រព្យ​ទាំង​អស់​នេះ​មាន​តម្លៃ​ប្រមាណ ​៣០០​លាន​យ៉ន់ ឬ​ជាង៤៦​លាន​ដុល្លារ​។

នៅ​ក្នុង​ទីក្រុង​ប៉េកាំងត្រឹម​តែ​មួយ​ ត្រចៀក​កាំ​ជា​ម្ចាស់​អចលនទ្រព្យ​រហូត​ដល់​ទៅ​៣​កន្លែង​ រួម​មាន​ទីតាំង​ទីមួយ​ Palais De Fortune វីលឡាដែល​មាន​តម្លៃ​ប្រមាណ ​៣០​លាន​យ៉ន់​ (ប្រមាណ៤លាន​ដុល្លារ) ទីពីរ​ Apartment Landmark ដែល​បាន​ទិញ​តាំង​ពី​ឆ្នាំ​ ២០០៦​ ដោយ​តម្លៃ​ ៦ លាន​យ៉ន់ (ប្រមាណ​ជាង​៩២ម៉ឺន​ដុល្លារ) និង​ទីបី វីលឡា Lakeside ស្ថិត​នៅ​សៀងហៃ។

រំលឹក​ឡើង​វិញ ត្រចៀក​កាំ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​លោក​ ហួង យូឡុង ជា​អ្នក​ធុរកិច្ច​ ជនជាតិ​ចិន​​ដ៏​ល្បី កាល​ពី​ឆ្នាំ ​២០០៨ និង​មាន​កូន​ស្រី​ម្នាក់​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍៕

Telegram-Troryorng
Share.