ក្រុងប៉េកាំង៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ផ្នែកមួយនៃផ្លូវហាយវេមួយកន្លែងបានដួលរលំកាលពីព្រឹកថ្ងៃពុធ នេះ នៅភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមនុស្សយ៉ាងតិច ១៩នាក់បានស្លាប់ បន្ទាប់ពីតំបន់នេះបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Times of India នាថ្ងៃពុធ​ ទី១ ខែឧសភា ឆ្នាំ២០២៤។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​ក្នុង​ទីក្រុង Meizhou ក្នុង​ខេត្ត Guangdong បាន​ឲ្យ​ដឹង​ថា រថយន្ត​ចំនួន ១៨គ្រឿង បាន​ធ្លាក់​ចុះ បន្ទាប់​ពី​ផ្នែក​នៃផ្លូវប្រវែង ១៧.៩ម៉ែត្រ នៃ​ផ្លូវ​ហាយវ៉េ ​បាន​បាក់។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​:១០នាទីទៀប​ភ្លឺ ថ្ងៃពុធ នេះ។

ទន្ទឹមនោះ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនមនុស្ស ៣០នាក់ទៀតទៅកាន់មន្ទីរពេទ្យ ខណៈមនុស្ស ១៩នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់។

សូមជម្រាបជូនថា មូលហេតុនៅពីក្រោយការបាក់ស្រុតកំណាត់ផ្លូវហាយវេ S12 នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈអាជ្ញាធរមូលដ្ឋាន បានជូនដំណឹងឱ្យអ្នកដំណើរជ្រាបថា ចំណុចដែលរងការខូចខាតនោះ ត្រូវបានបិទមិនឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្នទាំងសងខាង។ ខណៈប៉ុន្មានសប្ដាហ៍នេះ ខេត្ត Guangdong ដែលគេស្គាល់ថា មានប្រជាជនរស់នៅច្រើន ត្រូវបានគេសង្កេតឃើញថា បានទទួលរងបាតុភូតអាកាសធាតុអាក្រក់ៗ ជាបន្ដបន្ទាប់រាប់ចាប់តាំងពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង រហូតដល់ខ្យល់ព្យុះកំបុតត្បូង Tornado បានវាយប្រហារខេត្ត Guangzhou កាលពីសប្ដាហ៍មុន៕

ប្រភព៖ Times of India

Share.