ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះលឿនវ៉ាជែងជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ជិះឌុបគ្នា២នាក់ច្រាសទិស បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ស្រាល១នាក់ កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KS-5309 បើកបរដោយឈ្មោះ រ៉ុម ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅ រងរបួសបាក់ជើង រួមដណើរជាមួយឈ្មោះ ផល្លី បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរចុងភៅ របួសស្រាល មានទីលំនៅភូមិកោះតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកភាគីម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IU-9787 បើកបរដោយឈ្មោះ ឌិន វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃង រងរបួសធ្ងន់ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុវ៉ាជែងជ្រុលទៅបុកជាមួយភាគី ខាងម៉ូតូជិះឌុបគ្នា២នាក់ ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូសងខាងរងរបួសធ្ងន់ អ្នករួមដំណើរម្នាក់រងរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែកជនរងគ្រោះរបួសស្រាលម្នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដង្កោ ។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

Share.