ដើម្បី​ប្រែ​ក្លាយ​ក្រសួង​ព័ត៌មាន​ទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ប្រកប​ដោយ​បុរេ​សកម្ម សកម្ម និង​អន្តរ​សកម្ម មាន​គុណភាព និង​ប្រសិទ្ធភាព ក្រសួង​ព័ត៌មាន​បាន​ដាក់​ចេញ​នូវ​ការដ្ឋាន​កំណែទម្រង់​ជា​ច្រើន ដែល​ក្នុង​នោះ​ផ្ដោត​គោល​ដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​៥ រួមមាន​៖

ទី១ ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​របស់​ក្រសួង ដែល​សំដៅ​ទៅ​លើ​ទំនើប​កម្ម​ស្ថាប័ន និង​រដ្ឋបាល​ទំនើប នៅ​ក្នុង​ក្របខ័ណ្ឌ​ដែល​ធ្វើ​ឲ្យ​ក្រសួង​នេះ​ក្លាយ​ទៅ​ជា​ស្ថាប័ន​ផ្ដល់​សេវា​សាធារណៈ ប្រកប​ដោយ​ទំនួលខុសត្រូវ ជា​ពិសេស​ដើរ​តួនាទី​សំខាន់​លើ​ការ​សម្របសម្រួល​ការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ព័ត៌មាន​ទៅ​កាន់​សាធារណជន​។ ទី២ ពង្រឹង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និង​ប្រសិទ្ធភាព​ស្ថាប័ន​។ ទី៣ ពង្រឹង​មូលធន​មនុស្ស​ក្នុង​វិស័យ​សារព័ត៌មាន ដោយ​ធ្វើ​ការ​បណ្ដុះបណ្ដាល ពង្រឹង​សមត្ថភាព​បន្ថែម​ជូន​អ្នក​សារព័ត៌មាន​។ ក្រសួង​ព័ត៌មាន​កំពុង​សហការ​ជា​មួយ​សមាគម​អ្នក​សារព័ត៌មាន​នានា ដើម្បី​ផ្ដល់​នូវ​វគ្គ​បណ្ដុះបណ្ដាល​ខ្លី និង​បញ្ជូន​វាគ្មិន​ជំនាញ​ឲ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ទាំង​នោះ​។ ក្រសួង​ក៏​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល វិក្រិតការ វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ដែល​អាក់ខាន​ដំណើរការ​រាប់​ទសវត្សរ៍​មក​ហើយ និង​ដាក់​គោលដៅ​ប្រែក្លាយ​មជ្ឈមណ្ឌល​មួយ​នេះ​ទៅ​ជា​វិទ្យាស្ថាន​ជាតិ ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ និង​សោតទស្សន៍ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អ្នក​សារព័ត៌មាន​ដែល​មាន​គុណភាព​។ ទី៤ ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដោយ​ក្រសួង​ព័ត៌មាន​បាន​ប្រមូល​ធាតុ​ចូល​សំខាន់ៗ និង​ធ្វើ​ការ​សិក្សា​លើ​ការ​រៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ថ្មី​មួយ​ទៀត ឲ្យ​ស្រប​ទៅ​តាម​ការ​វិវឌ្ឍ​របស់​សង្គម​។ ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ឡើង ក៏​ដោយសារ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​បច្ចុប្បន្ន ដែល​អនុម័ត​ឲ្យ​ប្រើ​តាំង​ពី​ឆ្នាំ ១៩៩៥ ហាក់​មិន​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​របប​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​។ ជា​មួយ​គ្នា​នេះ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ក៏​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ផង​ដែរ​។ ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សារព័ត៌មាន ក្រសួង​ព័ត៌មាន​បាន​ផ្ដួច​ផ្ដើម និង​កំពុង​រៀបចំ​បង្កើត​ឲ្យ​មាន​ធម្មនុញ្ញ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ដែល​វា​អាច​ធានា​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន​ដែល​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ពោល​គឺ​ធម្មនុញ្ញ​វិជ្ជាជីវៈ​នេះ​ឯង​។ ទី៥ ពង្រឹង​សន្តិសុខ​ព័ត៌មាន ដោយ​ផ្ដោត​ទៅ​លើ​៣​ចំណុច​ជា​សំខាន់ គឺ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ គុណភាព​ព័ត៌មាន និង​សុវត្ថិភាព​ព័ត៌មាន​។

ខ្លឹមសារ​ខាង​លើ​នេះ គឺ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នា​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន​។

នៅ​ក្នុង​សន្និសីទ​នេះ ក្រសួង​ព័ត៌មាន​ក៏​បាន​ផ្សព្វផ្សាយ​ពី​សៀវភៅ​របាយការណ៍ ស្ដីពី ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ជា​ការ​រៀបចំ​ដំបូង​បង្អស់ ដើម្បី​អបអរ​សាទរ​ទិវា​សេរីភាព​អ្នក​សារព័ត៌មាន​ផង និង​ជា​សូចនាករ​សម្រាប់​វាស់​ស្ទង់​ពី​លំហ​សេរីភាព​សារព័ត៌មាន ភាព​ល្អ​ប្រសើរ និង​ចំណុច​ខ្វះខាត ដែល​ត្រូវ​កែតម្រូវ និង​បន្ត​ពង្រឹង​បន្ថែម​ផង​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.