ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈជិះម៉ូតូនិចឌុបគ្នាលឿនជ្រុលទៅបុកជាមួយរថយន្តអគ្គិសនី កំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្នោះ សាយ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិតំបែរ ឃុំតំបែរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសក្បាល ។ ទី២ ឈ្មោះ ប៉ែន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិហែកសំណាញ់ ឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តអគ្គិសនី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-5955 បើកតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងចូលផ្លូវ៣០ម៉ែត្រ ឆ្ពោះទៅកើត មិនទាន់ផុតផង ស្រាប់តែម៉ូតូនិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FI-3441 ជិះឌុបគ្នា២នាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លឿនជ្រុលបុកពីទទឹងរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ម៉ូតូនិងរថយន្តរងខូចខាត ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯរថយន្តនិងម៉ូតូ ប្រគល់ឱ្យសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.