ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង​៥​លាន​ដុល្លារ​អាមេរិក ប្រមូល​បាន​​មក​ពី​កម្មវិធី​ប្រកួត​​បាល់ទាត់​សប្បុរសធម៌​ នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​មន្រ្តី​អ្នកមុខអ្នកការ​ រួម​ទាំង​មហាជន​ប្រមាណ​ជា​៣​ម៉ឺន​នាក់។

ការ​ប្រកួត​​បាល់ទាត់​សប្បុរសធម៌​នេះ​មាន​ចំនួន២គួ ដោយ​ក្រុម​​បាល់ទះ S&E បាន​ចាញ់​ក្រុម Vlogger ២-១ ស្រប​ពេល​ដែល​ក្រុម​​តារា​កម្ពុជា ឈ្នះ​ក្រុម​គុនខ្មែរ All Start ដោយ​លទ្ធផល​២-០។ ស្រប​ពេល​ដែល​​សម្តេច​តេជោ ហ៊ុន សែន ជា​​គ្រូ​បង្វឹក​កិត្តិយស ឯកឧត្តម ឃួង ស្រេង ជា​ជំនួយការ​គ្រូ​បង្វឹក​កិត្តិយស និង​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ឈិន ឈឿន ជា​គ្រូ​បង្វឹក​ខាង​ក្រុម​តារា​កម្ពុជា។

ក្រោយ​ចប់​ការ​ប្រកួត​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា៖«​បាល់ទាត់​ល្ងាច​នេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាព នយោបាយ​និង​ការ​អភិវឌ្ឍ​ពិសេស បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព​ក្នុង ចំណោមជនរួមជាតិយើង»។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​បាល់ទាត់​ទាំង​៤​ក្រុម​ដែល​ចូលរួម​ប្រកួត សិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើ ការងារទាំងអស់ពិសេសសាលា​រាជធានី​ភ្នំពេញ និង​កងកម្លាំង​ប្រដាប់គ្រប់​ប្រភេទ អ្នកគាំទ្រដែល​ចូលរួម​ទស្សនា​ទាំង​នៅ​ពហុកីឡដ្ឋាន ទាំង​មើល​ការ​ផ្សាយផ្ទាល់។

សម្តេច​បាន​បង្ហាញ​ទិន្នន័យ​ថវិកា​ប្រមូល​បាន​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​​សប្បុរសធម៌​​គិត​ត្រឹម​ថ្ងៃ ទី១ ខែឧសភា ឆ្នាំ​២០២៤ មាន​ប្រាក់​រៀល ចំនួន ៦០៥,000,000រៀល និង​​ប្រាក់​ដុល្លារ​ចំនួន​៤,៨៥០,០០០ដុល្លារ។ សរុប​​ទាំង​អស់​គិត​ជា​ប្រាក់​ដុល្លារ​ចំនួន (5,001,250)។

ក្នុង​ចំណោម​​ប្រាក់​​ដែល​ប្រមូល​បាន​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​​សប្បុរសធម៌ នេះ​សម្តេចតេជោ នឹង​បែងចែក​​សម្រាប់៖

  • មន្ទីរពេទ្យកុមារអង្គរ 500,000$
  • មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន 300,000$
  • គ្រួសារ​យុទ្ធជន​ពលី​២០​គ្រួសារ 200,000$ សរុប ​1,000,000$
  • មន្ទីរពេទ្យគន្ធបុប្ផា ចំនួន​ 4,001,250$

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា​ទាំង​នេះ​ជា​ទិន្នន័យ​ថវិកា​បណ្តោះអាសន្ន​សម្រាប់​បរិច្ចាគ ប្រសិន​ជា​ទទួលបាន​បន្ថែម​ទៀត​ក៏​នឹង​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​អស់។ សម្តេច​សង្កត់​ធ្ងន់​ថា​លទ្ធផលចុងក្រោយរបស់យើងគឺជីវិត ​សុខភាពនិង ស្នាមញញឹមរបស់កុមារ៕

Share.