ប្រព្រឹត្តិទៅយ៉ាង​រលូន​ និង​បញ្ចប់ប្រកបដោយ​ជោគជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ទី​៦​ នា​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២៤​ នេះ​។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​រក​ឃើញ​សំឡេង​គាំទ្រ​ច្រើន​លើស​លប់​បាន​ទៅ​លោក​ជំទាវ​ឧកញ៉ា ម៉ៅ ចំណាន ដែល​ស្មើ​នឹង​៩៣​%។

​ការ​បោះ​ឆ្នោត​ដែល​បាន​រៀបចំ​ឡើង​នា​បណ្ឌិតសភា​កម្ពុជា កាល​ពីព្រឹក​មិញ​នេះ​​ ក្រោម​វត្តមាន​ចូលរួម​ដ៏​ច្រើន​កុះ​ករ​របស់​សមាជិក​សមាគមសិល្បករ​ខ្មែរ​ បាន​រក​ឃើញ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ថ្មី​ នៅ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​៣​រូប​មាន​លោក​ជំទាវឧកញ៉ា ម៉ៅ ចំណាន លោក​ គួច​ ខេវិន និង​ លោក​ ផាត់ តារារដ្ឋ។

ប្រធាន​សមាគម​ថ្មី​នេះ​ទទួល​បាន​សំឡេង​បោះឆ្នោត​គាំទ្រ​សរុប ៥២៧សំឡេង តាម​ពី​ក្រោយ​ដោយ​លោក​ ផាត់​ តារារដ្ឋ​ មាន​សំឡេង​គាំទ្រ​ ២៩​សំឡេង និង​លោក​ គួច​ ខេវិន មាន​សំឡេង​គាំទ្រ​ ១១សំឡេង​។

ដូច្នេះ​នៅ​ក្នុង​អាណត្តិ​៥ឆ្នាំ ​នៃ​ការ​គ្រប់​គ្រង​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ថ្មី គឺ​លោក​ជំទាវអ្នក​ឧកញ៉ា ម៉ៅ ចំណាន គេ​សង្ឃឹមថា​សិល្បករ សិល្បការិនី​ខ្មែរ នឹង​ប្រែ​មុខ​មាត់​ថ្មី ហើយ​បញ្ហា​អសកម្ម​មួយ​ចំនួន​នៅ​ក្នុង​រង្វង់​អ្នក​សិល្បៈ ជាពិសេស​ជម្លោះ​ហែកហួរគ្នា​ អាច​នឹង​មាន​ការ​កាត់​បន្ថយ​ឬ​រឹត​បន្តឹង​លែង​ឱ្យ​មាន ដើម្បី​ស្ដារឡើងវិញនូវ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​សិល្បៈ​ខ្មែរ​៕

Share.