ប្រធានផ្លូវរថភ្លើងរដ្ឋរបស់ប្រទេសថៃ (SRT) បានរាយការណ៍កាលពីថ្ងៃពុធថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យផ្លូវរថភ្លើងនៅខេត្ត ណាខនស៊ីថាមរ៉ាត ភាគខាងត្បូង សឹងតែរលាយ ហើយត្រូវចំណាយពេលប្រហែលមួយម៉ោងបាញ់ទឹកឱ្យត្រជាក់ ដើម្បីឱ្យផ្លូវនោះអាចប្រើប្រាស់ឡើងវិញបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

លោក Ekarat Sri-arayanpong ប្រធានផ្លូវរថភ្លើងរដ្ឋរបស់ប្រទេសថៃ (SRT) បាននិយាយថា ការខូចទ្រង់ទ្រាយផ្លូវដែកត្រូវបានគេប្រទះឃើញនៅចន្លោះស្ថានីយ៍ Ron Phi Bun និង Khao Chum Thong ក្នុងស្រុក Ron Phi Bun នៃខេត្ត Nakhon Si Thammarat នៅម៉ោង ២:២០នាទីរសៀល ថ្ងៃអង្គារ សប្ដាហ៍នេះ។

លោកបាននិយាយថា អាកាសធាតុក្តៅខ្លាំងនៅពេលនោះ ទើបបណ្តាលឱ្យទន់ ហើយដោយសារកម្លាំងសង្កត់ផងនោះ វាធ្វើឱ្យផ្លូវដែកខូចទ្រង់ទ្រាយតែម្ដង។

លោក បន្ថែមថា បុគ្គលិក SRT និងអ្នកជួយសង្គ្រោះបានព្យាយាមបាញ់ទឹក និងយកបាវដាក់ទឹកកកនៅលើផ្លូវដែកកោងដែលខូចទ្រង់ទាយនោះ ហើយផ្លូវដែកនោះ បានវិលមកសភាពធម្មតាវិញក្នុងរយៈពេលប្រហែលមួយម៉ោងក្រោយមក។

ទាក់ទិននឹងបញ្ហានេះ អាកាសធាតុនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ សីតុណ្ហភាពបានហក់ឡើងលើសពី ៥២អង្សាសេ ខណៈរដ្ឋបាលក្រុង ចាត់ទុកថាសីតុណ្ហភាពដ៏ខ្ពស់បែបនេះ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់បំផុត ដោយកន្លងមកប្រទេសថៃ មានអ្នកស្លាប់ដោយសារតែការឡើងកំដៅរួចទៅហើយ៕

ប្រភព៖ Bangkok Post

Share.