សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអំពាវនាវឲ្យសារព័ត៌មាន ចូលរួមកាត់បន្ថយការបំពានក្រមសីលធម៌និងរួមគ្នាលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

 ការអំពាវនាវរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងតាមរយៈសារលិខិត របស់សម្តេចក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ថ្ងៃទី៣ខែឧសភា  ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ សារព័ត៌មានសម្រាប់ផែនដី៖សារព័ត៌មានក្នុង ស្ថានភាពនៃវិបត្តិបរិស្ថាន។

តាមរយៈសារលិខិតនោះ សម្តេចនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា លំហសេរីភាព សារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អនិងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិត បរិយាកាសអំណោយផលព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរីដោយឈរ លើមូលដ្ឋានក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។

ក្នុងនោះសម្តេចធិបតីបានលើកឡើងថា ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។សម្តេចក៏បានប្រកាយគាំទ្រយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ។

ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌និងរួមគ្នាលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន សម្តេចបានណែនាំឲ្យក្រសួងព័ត៌មានបន្តយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីរក្សានូវក្រមសីលធម៌និងគុណភាពការងារ បន្តពិនិត្យលិខិតបទដ្ឋាន ច្បាប់និងបទដ្ឋានគតិយុត្តទាំងឡាយដែលមានជាធរមាន ដើម្បីធ្វើវិសោធនកម្មឬរៀបចំច្បាប់ថ្មីក្នុងគោលបំណងឆ្លើយតបទៅនឹងការវិវត្តនៃសង្គមនិង ត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មានដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះសម្តេចបានជំរុញឲ្យរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មានដែលជាការលើកកម្ពស់តម្លៃវិជ្ជាជីវៈ ។សម្តេបានណែនាំឲ្យក្រសួងព័ត៌មានរៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកានិងការផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម៕

Share.