ភ្នំពេញ ៖ ជនសង្ស័យ២នាក់លួចម៉ូតូហុងដាឌ្រីមមួយគ្រឿងរបស់សង្សារ ជិះគេចខ្លួនចេញមកពីខេត្តព្រះសីហនុ ដោយម៉ូតូមានភ្ជាប់GPS កម្លាំងសមត្ថកិច្ចសហការតាមស្ទាក់ចាប់បាននៅម្តុំឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួឡគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់សង្សារខ្លួន ដើម្បីជិះយកទៅបញ្ចាំ ដោយនាំគ្នាជិះគេចខ្លួនតាំងពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ ត្រូវបានសង្សារជាជនរងគ្រោះប្តឹងទៅសមត្ថកិច្ចខេត្តព្រះសីហនុ ដោយម៉ូតូមានភ្ជាប់ប្រព័ន្ធGPS ជនសង្ស័យគេចទៅក្រុងភ្នំពេញហើយ ទើបកម្លាំងសហការ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក ដេញស្ទាក់ចាប់ខ្លួនបាននៅម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KB-0237 ។

តាមចម្លើយសារភាព ជនសង្ស័យបានឱ្យដឹងថា ម៉ូតូរបស់សង្សារ លួចជិះយកមក រកកន្លែងបញ្ចាំ ព្រោះឮចចាមអារាមថា នៅម្តុំផ្សារឃ្លាំងរំសេវ ល្បីថាទទួលម៉ូតូបញ្ចាំងាយៗ ចង់លួច ចង់ប្លន់ យកពីខាងណាក៏ដោយ ឱ្យតែជិះទៅដល់ ដាក់បញ្ចាំថោកៗ យកទាំងអស់ ។

ជនសង្ស័យទាំង២នាក់ ក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចទំនាក់ទំនងទៅខាងក្រុងព្រះសីហនុ ដើម្បីមកទទួលយកជនសង្ស័យ និងម៉ូតូទៅ ធ្វើការសាកសួរ តាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.