ថ្លែង​នៅ​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាពក្នុង​ពិធី​ផ្ទេរតំណែង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អាណត្តិទី​៦ កាល​ពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា លោក​ជំទាវ​ ភឿង សកុណា បាន​កោត​សរសើរ​ចំពោះ​សិល្បករ​ខ្មែរ​ក្នុង​នាម​ជា​អាណាព្យា​បាល​សម្រាប់​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​សិល្បៈ​។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន ព្រមទាំងសិល្បករ សិល្បការិនីសរុបជាង ៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ខ្ញុំពិតជាមានសេចក្តីរីករាយដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយខ្ញុំសង្ឈឹមថា លោកជំទាវនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។ ជាមួយនេះ ខ្ញុំក៏សូមអបអរសារ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមាន​បេក្ខភាព​ឈរ​ឈ្មោះ​ចំនួន​៣​រូប​មាន​ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ​លោក គួច ខេវិន ​និង​ ​លោក​​ ផាត់​ ដារ៉ារដ្ឋ។ ជាលទ្ធផល​នៃ​អង្គ​បោះ​ឆ្នោត​ សិល្បករសិល្បការិនីជាង​ ៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ភាគរយ នៃសំឡេងឆ្នោតសរុប។

Share.