កាលពីថ្ងៃទី១ ឧសភា កន្លងទៅ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនប្រតិភូកីឡារបស់ខ្លួនចំនួន ៨រូប ដើម្បីចូលរួមការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួម ចាប់ពីថ្ងៃទី៣-៨ ខែឧសភា ឆ្នាំ២០២៤ ។

បេសកកម្មរបស់ក្រុមកីឡាជឺជីតស៊ូកម្ពុជាខាងលើ រួមមានលោក Jasper Martijn Pass ជាគ្រូបង្វឹក, លោក Oliver Robert King ជាគ្រូជំនួយ និងលោកស្រី សំ សោភ័ណ ជាមន្ដ្រីបច្ចេកទេស ។ ចំពោះកីឡាករកីឡាការិនីមាន ៥រូប រួមមានម្ចាស់មេដាយមាសស៊ីហ្គេម គង់ម៉ូណា មិថុនា, ទូច ពីរកក្កដា, សរ សុផានុត, កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណ បួរកែវ ។

យោងតាមន្ដ្រីសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ មានអត្តពលិកចូលរួមសរុប ៣០ប្រទេស ។ នេះគឺជាឱកាសមួយទៀត សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុង​ការចូល​រួម​ប្រកួត​ប្រជែង​ជាមួយបណ្ដាប្រទេស ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេស ក៏ដូចជា​ស្វែងរក​លទ្ធ​ផល​ល្អ​ប្រសើរ​ជូនជាតិមាតុភូមិ ។ ម្យ៉ាងក៏ជាការត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃផងដែរ ៕ ប្រភព៖ NOCC

Share.