ភ្នំពេញ÷រថយន្ដពីរគ្រឿងបើកបុកគ្នានៅផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតបន្ទិចបន្ទួចទាំងសងខាង ស្រាប់តែមានជនឆ្លៀតឱកាសលួចយកកាបូបលុយពីក្នុងរថយន្ដម្ខាង រួចគេខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុខ្លួនបានជិះរថយន្ដមួយគ្រឿងម៉ាក Hongi ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BP-7598 ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់មុខក្លោងទ្វាវត្តពោធិញាណ ក៏មានបុរសម្នាក់បើករថយន្ដលុចសុីស RX330 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AZ-8652 បើកចេញពីក្លោងទ្វាវត្តបុក បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ខណៈម្ចាស់ចុះពីរថយន្ដមកជជែកដោះស្រាយគ្នា ស្រាប់តែមានជនឆ្លៀតឱកាសបើកទ្វារថយន្ដលុចសុីស លួចយកកាបូបលុយ ហើយគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកខណ្ឌ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចនាំយករថយន្ដទាំងពីរគ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំកាដោះស្រាយនៅពេលក្រោយ៕

អត្ថបទ÷ត្រយងតូច

Share.