ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលនៃអធិការខណ្ឌបង្កោសហការជាមួយកម្លាំងរលួស ធ្វើការឃាត់ខ្លួនសង្ស័យចំនួន៣នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយពីកម្មការនីម្នាក់បានសម្រេ កាលពីវេលាម៉ោង១១និង៣០ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១និង២០នាទីត្រង់ចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថា ស្រីម៉ាច ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទី លំនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សម្ភារ:បាត់បង់រួមមាន១/ទូរស័ព្ទដៃម៉ាកអាហ្វូន ៧ផ្លើស ពណ៌ខ្មៅ ចំនួន០១គ្រឿង,២/លុយចំនួន២០០០ ០០រៀល(ម្ភៃម៉ឺនរៀល),៣/អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ រស់ ពិសី ចំនួន០១សន្លឹក។

ជនសង្ស័យឃាត់ខ្លូនបានចំនួន០៣នាក់ ទី០១ឈ្មោះ វ៉េត សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី០២ឈ្មោះ ឈុត បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០៣ឈ្មោះ ផៃ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជនសង្ស័យទាំង០៣នាក់មានសារធាតុញៀន)។

វត្ថុតាងដកហូតបានរួមមាន១/កាបូបលុយ ពណ៌សូកូឡា ចំនួន០១ ,២/ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច ,៣/អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច ,៤/ប័ណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច (របស់ជនរងគ្រោះ) ,៥/ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-1355 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ វ៉េត សីហា)។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៥ឆ្នាំ ចេញពីរោងចក្រនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះវិញ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចខាងមុខដីឡូតិ៍គ្មានលេខខាងលើ ក៏លេចមុខជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 1O-1355 ធ្វើដំណើរស្របទិសគ្នាមកអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងការបូបលុយរបស់ជនរងគ្រោះបានសម្រេចហើយជិះម៉ូតូគេចខ្លួនតាមផ្លូវក្រវ៉ាត់ក្រុងទី៣បាត់ស្រមោល ។

ភ្លាមៗជនរងគ្រោះបានស្រែកចោរៗ ផ្អើលអ្នកជិតខាងនិងសមត្ដកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុបានជួយអន្តរាគមន៍ជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ មកដល់ត្រង់ចំណុចផ្លូវប្រឡាយទឹក ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ជនសង្ស័យក៏បានផ្តូលម៉ូតូរត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានទាំង០៣ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធីច្បាប់ ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនិងការបូបលុយរបស់ជនរងគ្រោះ ប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៣នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ សេង សាវី

Share.