ភ្នំពេញ ៖ យុវជន២នាក់បងប្អូនរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះលឿនជ្រុលបុកជាមួយរថយន្តកាមរី បើកដោយជនជាតិចិនក្នុងឆ្លងផ្លូវ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិកេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1622 បើកដោយឈ្មោះ ផា សុភិន ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់ ចំណែកប្អូនប្រុសម្នាក់ទៀតរងរបួសស្រាល មានទីលំនៅភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ចំណែកភាគីខាងរថយន្ត ម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-1222 បើកបរដោយបុរសជនជាតិចិន មានប្រពន្ធជាជនជាតិខ្មែរ មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ បុរសជនជាតិចិន នាំឪពុកទៅហូបគុយទាវ ក្បែរកន្លែងកើតហេតុ លុះបើករថយន្តវិលទៅផ្ទះវិញ ដោយបើកឆ្លងផ្លូវពីលិចទៅកើត ស្រាប់តែយុវជនរងគ្រោះ២នាក់បងប្អូនជិះម៉ូតូលឿនពីជើងទៅត្បូងវ៉ាក់អើហ្វ្រាំងមិនទាន់ជ្រុលបុកចំហៀងផ្នែកខាងក្រោយ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូននាំយកទៅគ្លីនិកឯកជន ហើយត្រូវបានក្រុមគ្រួសារ ភាគីខាងរថយន្តទៅនិយាយគ្នានៅគ្លីនិក សុទ្ធតែអ្នកស្គាល់គ្នា ទើបព្រមព្រៀងគ្នាចេញថ្លៃព្យាបាលរបួសដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.