សិល្បៈជាតិ៖ យុវតី ជូរីល្អហួស បានធ្វើ​​​​ឱ្យបណ្ដាលហ្វេនអ្នកគាំទ្រ និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ដងវីថី នៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ មានអារម្មណ៍៍ភ្ងាក់ផ្អើលជាខ្លាំងតាមរយៈការបង្ហាញ វីដេអូ Apsara Makeup Trend បង្ហោះលើផ្ទាំងបដា LED ផ្សព្វផ្សាយពាណិជ្ជកម្មតាមដងផ្លូវច្រើនទីតាំង ជាការរួមចំណែកជួយលើកស្ទួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិ។

ជាការពិតណាស់ Apsara Makeup Trend កំពុងមានការពេញនិយមជាខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទីកតុក ដោយមានការបំផុសគំនិត និងចូលរួមបង្កើតចលនានេះឡើងពីសិល្បការនីជាច្រើនដួងចំណាយពេលវាលា រួមទាំងធនធានផ្ទាល់ខ្លួនផលិតវីដេអូ Apsara Makeup Trend ជាច្រើនទម្រង់ បង្ហាញដល់ពិភពលោកបានមើលឃើញពីទម្រង់នៃសិល្បៈវប្បធម៌ខ្មែរពិតៗ។

ក្នុងនោះដែរ យុវតី ល្អហួស ម្ចាស់មកុដ Miss Preteen International 2024 បានចូលរួមផលិតវីដេអូ Apsara Makeup Trend ប្រកបដោយភាពស្រស់ស្អាតយ៉ាងប្រណិត អមជាមួយកាយវិការទន់ភ្លន់យ៉ាងគួរឱ្យគយគន់។ អ្វីដែលធ្វើឱ្យហ្វេនអ្នកគាំទ្រប្អូនស្រីមានការភ្ងាក់ផ្អើល និងចាប់អារម្មណ៍ជាពិសេសទៀតនោះគឺ វីដេអូ Apsara Makeup Trend របស់យុវតីរូបនេះមានការចាក់ផ្សាយបង្ហាញលើផ្ទាំង LED ជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញ បានក្លាយជាចំណែកក្នុងផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបណ្ដាភ្ញៀវទេសចរអន្ដរជាតិបានឃើញ និងបានស្គាល់អំពីទេពអប្សរាពិតៗរបស់កម្ពុជាដូចដែលមានឆ្លាក់ឡើងនៅលើផ្ទាំងសិលាប្រាសាទអង្គរវត្ត។

សូមជម្រាបថា តាមរយៈសកម្មភាពរបស់យុវតី ល្អហួស ដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមចាត់ទុកជាការបំផុតស្មារតីជាតិនិយមនោះទេ សកម្មភាពនេះក៏បានបង្ហាញពីការជំរុញផ្សព្វផ្សាយវប្បធម៌ជាតិទៅដល់ហ្វេនអន្តរជាតិផងដែរ ព្រោះថា យុវតី ល្អហួស ម្ចាស់មកុដ Miss Preteen International 2024 មានហ្វេនអ្នកតាមដានសកម្មភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន 734K IG ចំនួន 164k និងTikTok ចំនួន 1.5 M ដែលរាប់ទាំងហ្វេនជាតិ និងអន្តរជាតិ៕

Share.