សៅប៉ូឡូ៖ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ រីយ៉ូ ហ្គ្រេនឌី ដូស៊ុល (Rio Grande do Sul) ភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៥៧នាក់ហើយ ដោយមនុស្ស ៦៧នាក់ទៀតបានបាត់ខ្លួន ខណៈមនុស្សចំនួន ៦៩,០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅរកកន្លែងសុវត្ថិភាព និងយ៉ាងហោចណាស់មនុស្ស ៣៥៦,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។

អាជ្ញាធរប្រេស៊ីលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋរយៈពេលជិត ១សប្តាហ៍មកទល់ពេលនេះ បានប៉ះពាល់ដល់ក្រុងចំនួន២៨១ ដែលបណ្តាលមកទឹកទន្លេហូរហៀរជន់លិចធ្ងន់ធ្ងរ និងធ្វើឱ្យទីក្រុង Porto Alegre រដ្ឋធានីរបស់រដ្ឋនេះ ស្ទើរតែត្រូវជន់លិចគ្រប់ទីកន្លែង។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានបញ្ជាឱ្យបើកការិយាល័យសង្គ្រោះបន្ទាន់នៅទីក្រុង Porto Alegre ដើម្បីជួយសម្រួលដល់ផ្នែកបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ បន្ទាប់ពីបានបញ្ជូនសមាជិកចំនួន ១០០នាក់នៃកងកម្លាំងជាតិ ដែលជាកងកម្លាំងប៉ូលីសវរជនកាលពីថ្ងៃសុក្រ ដើម្បីជួយក្នុងបេសកកម្មជួយសង្គ្រោះនៅតំបន់រងគ្រោះ។

សូមជម្រាបថា រដ្ឋ Rio Grande do Sul គឺជាចំណុចសំខាន់មួយក្នុងការដឹកជញ្ជូនតាមផ្លូវគោកនៃទីផ្សាររួមភាគខាងត្បូង (Mercosur) ហើយក៏ជាអ្នកផលិតអង្ករ សណ្តែកសៀង និងសាច់សំខាន់ៗនៅក្នុងប្រទេសប្រេស៊ីល ដែលសេដ្ឋកិច្ចរបស់ពួកគេបានធ្លាក់ចុះអស់រយៈពេលមួយសប្តាហ៍ដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ The Guardian

Share.