ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ ម្នាក់បាក់ជើងឆ្វេង ម្នាក់បាក់ដៃស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូហុងដាគយបជិះបុកគ្នាជាមួយម៉ូតូហុងដាឌ្រីមកំពុងឆ្លងផ្លូវ ។

ករណីខាងលើកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-4719 ជិះដោយជនរងគ្រោះឈ្មោះ រឿន សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រែកតាអុង២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល រងរបួសបាក់ជើងឆ្វេង ។ ចំណែកភាគីខាងម៉ូតូហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1S-1220 ជិះដោយជនរងគ្រោះឈ្មោះ ជា សៀវថុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ័សែនជ័យ មានស្រុកកំណើត ភូមិដំណាក់ត្រាច ឃុំកណ្តាល ស្រុកទឹកឈូរ ខេត្តកំពត រងរបួសបាក់ដៃស្តាំ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ជិះចេញពីផ្លូវQMI ពីជើងទៅត្បូង ឆ្លងភ្លើងស្តុប បំណងបត់ឆ្ពោះទៅកើត ស្រាប់តែជនរងគ្រោះខាងជិះម៉ូតូហុងដាគុប ជិះពីកើតទៅលិច ឃើញភ្លើងស្តុបខៀវលោតភ្លែត ទៅវឹង ក៏ជ្រុលទៅបុកជាមួយ ម៉ូតូហុងដាឌ្រីម បណ្តាលឱ្យរងរបួសធ្ងន់សងខាង ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់
ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.