ភ្នំពេញ ៖ បុរសម្នាក់ក្នុងស្ថានភាពរបួសធ្ងន់ បាក់ភ្លៅឆ្វេង កដៃឆ្វេង បែកមុខសន្លប់បាត់ស្មារតី ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿនវ៉ាជែងជ្រុលទៅបុកពីមុខរថយន្តកូរ៉េ ដឹកអុីវ៉ាន់រោងចក្រ កំពុងបើកច្រាសទិសគ្នា ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អុល សំអុន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-6704 ធ្វើដំណើរពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកពីមុខរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5404 ជារថយន្តដឹកអុីវ៉ាន់រោងចក្រក្រដាស កំពុងបើកច្រាសទិសគ្នា បណ្តាលឱ្យរបួសធ្ងន់ បាក់ភ្លៅឆ្វេង និងកដៃឆ្វេង សន្លប់ឈឹងនៅកន្លែង អ្នកបើកបររថយន្តឃើញសភាពមិនស្រួលចុះគេចខ្លួនបាត់ ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងងសែនជ័យ

Share.