ភ្នំពេញ ៖ ម៉ូតូហុងដាBeatមួយគ្រឿងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ លឿនជ្រុលហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយម៉ូតូហុងដាឌ្រីមកំពុងឆ្លងផ្លូវ របួសធ្ងន់២នាក់ ស្រាល១នាក់ ម៉ូតូBeatក្រឡាប់ផ្ងារកង់ឡើងលើ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1L-0490 ជិះដោយឈ្មោះ គង់ វីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រងរបួសបាក់ជើងស្តាំ ។ ចំណែកភាគីខាងម៉ូតូហុងដាBeat ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-8685 ជិះ២នាក់ប្តីប្រពន្ធ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ជិះឆ្លងផ្លូវពីលិចទៅកើត ជិតផុតទៅហើយ ស្រាប់តែភាគីខាងម៉ូតូហុងដាBeat ជិះឌុបគ្នា២នាក់ប្តីប្រពន្ធល្បឿនលឿនពីត្បូងទៅជើង ជ្រុលបុកពេញទំហឹង របួសខាងម៉ូតូហុងដាឌ្រីម បាក់ជើងស្តាំ ខាងម៉ូតូBeat ប្រពន្ធរបួសធ្ងន់ ប្តីរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានម៉ូតូកង់បីចល័ត ពណ៌ស ពាក់ស្លាកលេខលេខ ភ្នំពេញ 1HB-1264 របស់គ្លីនិកឯកជនលួចដឹកយកទៅ នៅសល់ជនរងគ្រោះរបួសធ្ងន់ម្នាក់បាក់ជើង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.