កណ្តាល៖ យុវជនម្នាក់ កំពុងអង្គុយលេងនៅខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈ របស់ម្តាយមីង ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានប្រមាណជា០៨នាក់ ប្រដាប់ដោយដាវចូលកា.ប់ដល់ក្នុងហ្គារាស់ បណ្តាលឱ្យខ្ទេចម៉ូតូកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី នៅចំណុចស្ថិតនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ រ៉ុត ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នាប្រហែល ០៨នាក់-ជិះម៉ូតូចំនួន ០៤គ្រឿង មិនស្គាល់អត្តសញ្ញាណ កំពុងរត់គេចខ្លួន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈស្តេលា (របស់មីង) ស្ថិតនៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយទុកម៉ូតូនៅក្នុងស្ថានីយ៍ប្រេង ខណៈពេលនោះជនសង្ស័យមានគ្នាប្រហែល០៨នាក់ ភេទប្រុស ជិះម៉ូតូ០៤គ្រឿង មិនចាំម៉ាកមកឈប់នៅខាងមុខស្ថានីយ៍ប្រេង ប្រដាប់ដោយកាំបិតវែង និងដាវនាំគ្នាស្ទុះចូលមកកាប់លើម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាត ក្រោយពីកាប់រួចជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ។

ក្រោយមកទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បន្ទាប់ពីទទួលពាក្យបណ្តឹងបានភ្លាមកម្លាំងប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុ បន្តធ្វើការស្រាវជ្រាវដើម្បីស្វែងរកមុខសញ្ញា៕

អត្ថបទ៖ កណ្តាល

Share.