សិល្បៈ​ជាតិ​៖ អ្នក​គាំទ្រ​ស្រឡាំងកាំង​ ពេល​បាន​ដឹង​​ដំណឹង អ្នក​ច្នៃ​ម៉ូដវ័យក្មេង​ គ្រីស ឌីវ៉ា ប្រកាសបែកពី​សង្សារជា​កំពូល​ DJ ល្បី Alex Matt កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៥ ខែ​ឧសភា​ វេលាម៉ោង៩យប់​ ក្រោយ​ពី​បាន​ទាក់ទង​ស្រលាញ់​គ្នា​អស់​រយៈ​ពេល​ ៨ឆ្នាំ​។

យោង​តាម​ការ​ឱ្យ​ដឹង​លើ​សំណេរ​មួយ​ដែល​សាមី​ខ្លួន Chris Diva បាន​បង្ហោះ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ បុគ្គល​ដ៏​មាន​ឥទ្ធិពល​ក្នុង​ចំណោម​យុវវ័យ​រូប​នេះ​ បាន​ទម្លាយ​ពី​មូលហេតុ​ពិត​ដេល​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​បញ្ចប់​ឈ្មោះ​គូស្នេហ៍​ ប្រែមក​ត្រឹម​ជា​ដៃ​គូសហការ​គ្នា​វិញ​។

«ជូនចំពោះអ្នកគាំទ្រជាទីគោរព! ខ្ញុំ​ចង់ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយ​ចំនួន​ជាមួយ​អ្នក​ទាំង​អស់​គ្នា។ បន្ទាប់ពីការពិភាក្សាគ្នាមួយរយះធំមកនេះ DJ អេឡិច និងខ្ញុំបានសម្រេចចិត្ត។ [ ប្រកាសការបញ្ចប់ទំនាក់ទំនងស្នេហា ] រយះពេល ៨ឆ្នាំ របស់យើងទៅកាន់អ្នកគាំទ្រជាទីស្រលាញ់។ ចំពោះកាងារ និងការសម្ដែងនានាពួកយើងនៅទទួលធ្វើការជាមួយគ្នាធម្មតា ក្នុងនាមជាដៃគូសហការ។ ខណៈពេលដែលការសម្រេចចិត្តនេះមិនងាយស្រួលនោះទេ យើងទាំងពីរជឿថាវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការលូតលាស់ និងសុភមង្គល របស់យើងម្នាក់ៗ។ យើង​នឹង​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​មិត្ត​ភក្តិល្អ និង​ ដៃគូសហការ។ ខ្ញុំចង់បង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះ DJ Alex Matt សម្រាប់ក្ដីស្រឡាញ់ សំណើច និងការបំផុសគំនិតដែលបានចែករំលែកក្នុងអំឡុងពេលយើងទាក់ទងជាមួយគ្នា។ ទំនាក់ទំនងរបស់យើងគឺជាប្រភពនៃកម្លាំង និងការច្នៃប្រឌិត ហើយខ្ញុំពិតជាដឹងគុណជារៀងរហូតចំពោះការចងចាំដែលយើងបានបង្កើត។ ពួកយើងពិតជាមិនអាចមានថ្ងៃនេះបានទេ បើយើងទាំង២មិនបានស្គាល់គ្នា។ កំឡុងពេលនេះ ខ្ញុំ​សុំ​ឱ្យ​អ្នកទាំងអស់គ្នាយល់ និងគោរពចំពោះភាពឯកជនរបស់យើង។ ការគាំទ្ររបស់អ្នកតែងតែមានន័យជ្រាលជ្រៅ ធំធេង ប្រៀបបាននឹងពិភពលោកសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តឈរក្បែរពួកយើង និងគាំទ្រពួកយើងជាបន្តទៀត ។ អរគុណសម្រាប់ក្តីស្រលាញ់ និងការលើកទឹកចិត្តដែលមិនផ្លាស់ប្តូររបស់អ្នក។ ដោយ​ក្តី​ស្រ​លាញ់​ និងការដឹងគុណ។ គ្រីស ឌីវ៉ា – Christ Diva»

ត្បិត​សោកស្ដាយ​ដែល​គូស្នេហ៍វ័យ​ក្មេង​ ដែល​សហការ​គ្នា​ផ្ដល់​នូវ​ស្នាម​ញញឹម​ ការ​សប្បាយរីករាយ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាត់​ទុក្ខ​កង្វល់​សម្រេ​ចចិត្ត​បែក​ផ្លូវ​គ្នា​ដើរ​រៀងខ្លួន​ លើ​វិថី​ស្នេហ៍​ ប៉ុន្តែ​អ្នក​គាំទ្រ​ខ្លះ​អា​ចនៅ​ញញឹម​ចេញ​ព្រោះ​ថា​អ្នក​ទាំង​ពីរ​បែក​គ្នា​ដោយ​សន្ដិវិធី បែក​គ្នា​ដោយ​ល្អ ហើយ​នៅ​បន្ត​រាប់​អាន និង​អាច​រួមការងារជាមួយ​គ្នា​បាន​ធម្មតា​ ដូច្នេះ​បាន​សេចក្ដី​ថា​អ្នក​គាំទ្រ​នៅ​អាច​បន្ត​បាន​ឃើញ​វីដេអូ​ឬ​ស្នាដៃ​រួម​គ្នា​រវាង​អ្នក​ទាំង​ពីរ​ជា​បន្ត​ទៀត​៕

Share.