ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានគេអះអាងថា មានបញ្ហាសតិរើធ្វើទុក្ខ ទៅដេកកណ្តាលផ្លូវ ត្រូវបានរថយន្តបើកកិនខ្ទេចក្បាល ស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបើកគេចទៅបាត់ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងវត្តអង្គត្រគៀត មុខកន្លែងជនរងគ្រោះធ្វើការ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សំ រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខ យាមពេលថ្ងៃ នៅក្រុមហ៊ុនកុងតឺន័រ កន្លែងកើតហេតុ ជាបុរសពោះម៉ាយ ប្រពន្ធសុំលែង ស្នាក់នៅផ្ទះជួលក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

បើតាមសន្តិសុខធ្វើការជាមួយគ្នា បានឱ្យដឹងថា ជនរងគ្រោះតាំងពីប្រពន្ធសុំលែង ច្រើនខែមកហើយ រស់នៅតែម្នាក់ឯង កើតមានបញ្ហាផ្លូវចិត្ត សឹងក្លាយជាមនុស្សវិកលចរឹកទៅហើយ សតិមិនប្រក្រតីម្តងៗ ដោយឃើញនៅម្នាក់ឯងអាណិត ទុកឱ្យនៅបន្តធ្វើការងារយាមក្រុមហ៊ុនកុងតឺន័រពេលថ្ងៃ ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ឃើញជនរងគ្រោះដេកនៅកណ្តាលផ្លូវបេតុង ខាងមុខច្រកចូល ផែកុងតឺន័រ លុះរហូតដល់វេលាម៉ោង៤ព្រឹក ស្រាប់តែប្រទះឃើញស្លាប់ ក្នុងសភាពខ្ទេចក្បាល ធ្លាយខួរ ស្នាមរថយន្តបើកកិន ។

សពជនរងគ្រោះត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌកំបូលចុះទៅពិនិត្យ ដោយរកសាច់ញាតិមិនទាន់ឃើញ ត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវបន្តស្វែងរកក្រុមគ្រួសារ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.