ភ្នំពេញ ៖ នារីម្នាក់បានស្លាប់ ចំណែកប្រុសម្នាក់និងស្រីម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូហុងដាឌ្រីមឌុបគ្នាលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ មុខក្រុមហ៊ុនផែស្ងួត ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះម្នាក់ស្លាប់នៅកន្លែង មានឈ្មោះ អុឹម កញ្ញា ហៅស្រីពេជ្រ ហៅស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្នាទង ឃុំកុមាររាជា ស្រុកបាទីខេត្តតាកែវ ជាអ្នកបើកបរម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1KK-7848 ។ ចំណែកជនរងគ្រោះ២នាក់ទៀតរងរបួសធ្ងន់ មានឈ្មោះ ធី ស្រីនា ហៅ មិនា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និង ម្នាក់ទៀត ឈ្មោះ នី សាក់ ភេទប្រុស អាយុ១៦ឆ្នាំឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ក្រុមជនរងគ្រោះមានគ្នា៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ជិះម៉ូតូ២គ្រឿង ចេញពីផ្ទះនៅស្រុកបាទី គោលបំណងទៅដើរលេងក្នុងរាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដោយម៉ូតូមួយគ្រឿងបានជិះទៅមុនបាត់ នៅម៉ូតូជនរងគ្រោះ ជិះតាមក្រោយ ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តកុងតឺន័រ បណ្តាលឱ្យនារីរងគ្រោះជាអ្នកបើកម៉ូតូបោកផ្ទប់បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀត ប្រុស១នាក់ ស្រី១នាក់ រងរបួសធ្ងន់ រីឯរថយន្តបានបន្តបើកគេចទៅបាត់ ។ ដោយឡែកម៉ូតូមិត្តភក្តិមួយគ្រឿងទៀតដែលជិះទៅមុន បាត់យូរពេក វិលត្រឡប់ក្រោយមកវិញ ទើបដឹងថា មិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍ ។

ក្រោយកើតហេតុ ជនរងគ្រោះ របួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកសាកសពនារីម្នាក់ ស្លាប់នៅកន្លែង ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូរងខូចខាតខ្ទេចមួយកំណាត់មុខ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវស្វែងរករថយន្ត មកដោះស្រាយតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.