ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងខាងស្តាំ ចំណែកកូនស្រីរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលឌុបកូនស្រីចេញពីប្រឡង ព្យាយាមគេចពីម៉ូតូក្រុមក្មេងស្ទាវ ហ្វ្រាំងបោកដួលខ្លួនឯង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សៀង បូរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ របួសបាក់ជើងស្តាំ ចំណែកកូនស្រីឈ្មោះ ធី ស្រីភ័ក្ត្រ អាយុ២២ឆ្នាំ រងរបួសស្រាល មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្រមានជ័យ ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ជិះម៉ូតូស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KK-7099 ឌុបកូនស្រីចេញពីប្រឡង វិលឆ្ពោះទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូច្រើនគ្រឿងប្រសាចពេញផ្លូវ ឃើញសភាពមិនស្រួលព្យាយាមគេច ហ្វ្រាំងបែជាបោកដួលខ្លួនឯង បណ្តាលឱ្យរងរបួស ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.