ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះលឿន វ៉ាជែងចូលប្រឡោះរថយន្តកំពុងបើក២គ្រឿងទន្ទឹមគ្នា មិនផុតបណ្តាលឱ្យកៀបបាក់ជើងឆ្វេង ម៉ូតូខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលលើដងផ្លូវកំពុងមមាញឹកដោយរថយន្តតូចធំ គេឃើញជនរងគ្រោះ សង្ស័យប្រញាប់ពេកហើយ ចិត្តស្លុយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-4680 ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ចិត្តហ៊ានវ៉ាជែង ជិះចូលប្រឡោះរថយន្តធុនធំ២គ្រឿង កំពុងបើកទន្ទឹមគ្នាពីត្បូងទៅជើង តែមិនផុតកៀបជាមួយរថយន្ត មួយគ្រឿងកុងតឺន័រ មួយគ្រឿងដឹកទំនិញ បណ្តាលឱ្យរងរបួសបាក់ជើងឆ្វេង ម៉ូតូខ្ទេចមួយកំណាត់មុខ រថយន្តទាំង២គ្រឿងបន្តបើកទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.